ហ្លួងម៉ែ ប្រោសព្រះរាជទានទឹកប្រាក់ ១០មុឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា

ជុំវិញ​ឧកញ៉ា
308 Shares

សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានទឹកប្រាក់ ១០ម៉ឺនដុល្លារអាមរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ទ្រទ្រង់ដល់ការព្យាបាលកុមាររាប់លាននាក់ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ៥ សាខា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក Royal Du Cambodge នៅយប់ថ្ងៃពុធ ទី១២ មករានេះ បានឱ្យដឹងថា ស្ថិតក្នុងព្រះ​រាជ​ហឫទ័យ​ខ្វាយខ្វល់​ និងទុក​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជានុរាស្រ្តជាកូន​ចៅ​ ចៅទួត​ ព្រមទាំង​ព្រះរាជតម្រិៈគោរព​ដង្ហែ​តាម​ព្រះរាជ​លំអាន​ដ៏​ឧត្តុង្គ​ឧត្តម​ នៃ​ព្រះ​ករុណា​ ព្រះ​វររាជបិតាសុខាភិបាលជាតិ ព្រះ​បរមរតនកោដ្ឋ​ ដែលចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា អង្គសម្តេចព្រះវររាជបិតាសុខាភិបាលជាតិ ស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែរ រីកចម្រើនជឿនលឿន​​លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលជាតិ ដែលបានបម្រើឲ្យការរស់នៅរបស់ប្រជានុរាស្រ្តមានភាពល្អប្រសើរខ្ពង់ខ្ពស់ឧត្តុង្គឧត្តម សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះ​រាជទាន​ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១០មុឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបម្រើសេវាព្យាបាល និងថែទាំជូនដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃស្របតាមព្រះរាជតម្រិៈនៃអង្គសម្តេចឪ។


យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ កាល​ពី​ខែ​កក្កដា ​គិត​ត្រឹម​ឆមាស​ទី១​ ឆ្នាំ ២០២១​ មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ បានទទួល​ថវិកា​បរិច្ចាគ​​ប្រមាណ ​១៥,៧ លាន​ដុល្លារអាមេរិក ​គឺ​កើនឡើង​ប្រមាណ​៩,៧ភាគរយ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ ៦ ខែ​ដំបូង ​ក្នុង​ឆ្នាំ ២០២០។

ក្នុង​រយៈពេល​៦ខែ ​ឆ្នាំ២០២១ ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បានទទួល​ព្យាបាល​អ្នក​ជំងឺ​ចំនួន​ ២២៦ ១៩៤ នាក់។ ក្នុង​នោះ​ករណី​ជំងឺ​ធ្ងន់​មាន​ចំនួន​ ៤៥ ០៧៥ នាក់ ​បាន​សម្រាក​ព្យាបាល ​និង​ចំនួន​១០ ១៩០ នាក់ ​ទទួល​ការវះ​កាត់។ ចំពោះ​ផ្នែក​សម្ភព​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​សៀមរាប ​ឬ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ​បានទទួល​ពិនិត្យ​និង​ព្យាបាល​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ៤១ ៨៥៥ នាក់​ និង​បាន​ទទួល​សម្រាល​កូន​ចំនួន​ ១០ ៣២៣ នាក់​ក្នុង​រយៈ​ពេល​នេះ។

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ បានបញ្ជាក់​ក្នុង​របាយ​ការណ៍​ថា​៖ «រាល់​ការព្យាបាល​ទាំងអស់​ គឺ​ឥត​គិត​ថ្លៃ ​សម្រាប់​គ្រប់ៗ​គ្នា ដោយ​ពុំមាន​ការ​រើស​អើង»៕

308 Shares