ចាប់​អតីត​ប្រធាន​ក្រុមហ៊ុន​ផលិត​ឱសថ Kangmei ដាក់​ពន្ធនាគារ ១២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជិត ២ សែន​ដុល្លារ

អន្តរជាតិ
164 Shares

លោក Ma Xingtian ដែល​ជា​អតីត​ប្រធាន​ក្រុមហ៊ុន Kangmei Pharmaceutical ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១,២ លាន​យន់ ឬ ១៨៨ ៣០០ ដុល្លារ បន្ទាប់​ពី​រកឃើញ​បង្ក​ភាព​ចលាចល​លើ​ទីផ្សារ និង​ទទួល​ស៊ី​សំណូកសូកប៉ាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លង​មក​អតីត​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​ធ្លាប់​បាន​ប្ដឹង​បក​ដែរ ប៉ុន្តែតុលាការ​ប្រជាជន​ជាន់ខ្ពស់​ខេត្ត​ក្វាងទុង​បាន​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​។ តុលាការ​បាន​តម្កល់​សាលក្រម​​របស់​តុលាការ​ដោយ​លើក​ឡើង​ថា​ភស្តុតាង​គ្រប់គ្រាន់​និង​ការ​កាត់​ទោស​សមរម្យ។

រំលឹក​ដែរ​ថា Kangmei គឺ​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ខ្នាតយក្ស​មួយ​របស់​ចិន ដែល​មាន​ចរាចរណ៍​លើ​វិស័យ​មួយ​នេះ​​អស់​រយៈពេល​ជាយូរ​ណាស់​មក​ហើយ។ ក្រុមហ៊ុន​មួយ​នេះ​ត្រូវបាន​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ឆបោក​ដែល​មាន​ទំហំ​ទឹកប្រាក់ ៨៨,៦ ពាន់​លាន​យន់ ឬ​ជិត ១៤ ពាន់​លាន​ដុល្លា សម្រាប់​ការ​ទូទាត់​ចន្លោះឆ្នាំ ២០១៦ ដល់ ២០១៨។

អាជ្ញាធរ​បាន​រកឃើញ​ថា ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ក្រដាសប្រាក់​បញ្ញើ​ធនាគារ​ក្លែងក្លាយ​ ដើម្បី​បំប៉ោង​ទុនបំរុង​សាច់ប្រាក់ ឯកសារ​ក្លែងបន្លំ​សម្រាប់​សកម្មភាព​អាជីវកម្ម​ និង​ផ្ទេរ​មូលនិធិ​របស់​ក្រុមហ៊ុន​ទៅឱ្យ​ភាគីពាក់ព័ន្ធ​ដើម្បី​ធ្វើពាណិជ្ជកម្ម​ក្នុងភាគហ៊ុន​របស់ខ្លួន។

ដោយឡែក កាលពី​ខែវិច្ឆិកា​កន្លង​ទៅ តុលាការ​ជាន់ទាប​បាន​រក​ឃើញ​ថា ថ្នាក់ដឹកនាំ​របស់ Kangmei ៥ ​រូប ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ដែល​មាន​ទំហំ​ជា​សាច់ប្រាក់ ២,៤៦ ពាន់​លាន​យន់ ឬ ៣៨៥ លាន​ដុល្លារ​ពី​វិនិយោគិន ៥២ ០៣៧ នាក់។

បញ្ជាក់​ដែរ​ថា ពី​ឆ្នាំ ២០១៥ ដល់​២០១៨ លោក Ma និង​ថ្នាក់​ដឹកនាំ​របស់ Kangmei ជាច្រើន​នាក់​ទៀត​បាន​សំងំ​លាង​លុយ​​ដោយ​អំពើ​ខុសច្បាប់ និង​បាន​លួច​បន្លំ​ទិន្នន័យ​ភាគហ៊ុន​របស់ Kangmei ស្របពេល​ករណី​ស៊ីសំណូកសូកប៉ាន់​របស់​លោក Ma មាន​មន្ត្រី​យ៉ាង​តិច ៥ រូប​ជាប់​ពាក់ព័ន្ធ ហើយ​ក៏​ត្រូវបាន​រដ្ឋាភិបាល​ចិន​ដក​ហូត​តំណែង​រួច​អស់​ហើយ​ដែរ៕

ប្រភព: nikkei

164 Shares