ប្រព័ន្ធទូទាត់ប្រាក់”បាគង”មានអ្នកកំពុងប្រើប្រាស់ជិតពាក់កណ្ដាលប្រទេស

សង្គម​និង​សេដ្ឋកិច្ច អាជីវកម្ម

បាគង គឺជាប្រព័ន្ធទូទាត់ទូទាំងប្រទេសផ្អែកលើបច្ចេកវិទ្យា Blockchain ពីធនាគារជាតិនៃកម្ពុជា ដោយចាប់ផ្តើមដំណើរការនៅក្នុងខែតុលា ឆ្នាំ២០២០កន្លងទៅ។ បាគង ត្រូវបានទទួលស្គាល់ថាជារូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលដំបូងគេរបស់ពិភពលោក (CBDC) ខណៈពេលបច្ចុប្បន្ននៅកម្ពុជា មានអ្នកបាននិងកំពុងប្រើប្រាស់ជិតពាក់កណ្ដាលប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិ បានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនក្នុងការធ្វើប្រតិបត្តិការ និងពង្រីកការទទួលយកសេវា «បាគង» ដែលជាប្រព័ន្ធទូទាត់គ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា មានអ្នកប្រើប្រាស់ជិត ៨ លាននាក់ ស្មើនឹងចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុប។

ជាមួយនឹងកំណើនដ៏វិជ្ជមាន ធនាគារកណ្តាលសង្ឃឹមថា បាគង នឹងរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេស ដោយបង្កើតប្រព័ន្ធហិរញ្ញវត្ថុរួម ដែលប្រជាពលរដ្ឋអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយស្មាតហ្វូន ដោយមិនចាំបាច់ត្រូវការចុះឈ្មោះគណនីធនាគារនៅបាគង ទេ ប៉ុន្តែត្រូវប្រើប្រាស់លេខទូរសព្ទនៅកម្ពុជា។ អ្នកប្រើប្រាស់អាចផ្ញើប្រាក់ដោយការស្កេន QR កូដ ឬបញ្ជាក់លេខទូរស័ព្ទរបស់អ្នកទទួល។ ចំពោះប្រតិបត្តិការអាចធ្វើឡើងជាប្រាក់រៀលកម្ពុជា ឬដុល្លារអាមេរិក។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ បាគង អនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធផ្សេងៗគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលធ្វើឱ្យការទូទាត់តាមឌីជីថលកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។ លោកស្រីបន្ថែមថា អន្តរប្រតិបត្តិការនេះរវាងតួអង្គផ្សេងៗគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនឹងមិនត្រឹមតែបង្កើតតម្លៃបន្ថែមដល់អ្នកប្រើប្រាស់ចុងក្រោយទាក់ទងនឹងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់គម្លាតរវាងធនាគារ និងមិនមានធនាគារ តភ្ជាប់តំបន់ជនបទ និងទីក្រុង ដូច្នេះវានឹងបង្កើតទំនាក់ទំនងកាន់តែប្រសើរក្នុងសង្គម។

ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់បាគងក្នុងស្រុក ធនាគារជាតិនៃកម្ពុជា ក៏កំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុនៅក្រៅប្រទេសផងដែរ។ កាលពីឆ្នាំកន្លងទៅ ធនាគារកណ្តាល និងធនាគារពាណិជ្ជម៉ាឡេស៊ី Malayan Banking បានបង្កើតការផ្ទេរប្រាក់ឆ្លងព្រំដែនដោយប្រើប្រាស់បាគង ដោយអនុញ្ញាតពលករចំណាកស្រុកកម្ពុជាក្នុងប្រទេសម៉ាឡេស៊ីអាចប្រើប្រាសមធ្យោបាយផ្ញើប្រាក់យ៉ាងរហ័សទៅកាន់គ្រួសាររបស់ខ្លួន៕