ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ HITACHI ប្រកាស​លក់​​ភាគហ៊ុន​ពាក់​កណ្ដាល​ ​យកលុយ​មក​អភិវឌ្ឍន៍​​បន្ថែម​វិស័យ​ផ្សេង​ទៀត

អន្តរជាតិ
2K Shares

ក្រុមហ៊ុន​យក្ស HITÂCHI Ltd បាន​បង្ហើបពីការ​សម្រេច​ចិត្ត​លក់​ភាគហ៊ុន​ប្រមាណ ៥១% នៅ​ក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Hitachi Construction Machinery Co ទៅ​ឲ្យ​ក្រុមហ៊ុន​ជួញដូរ Itochu Corp និង​ក្រុមហ៊ុន​វិនិយោគ Japan Industrial Partners។ នេះ​បើ​តាម​ការ​ផ្សាយ​ផ្ទាល់​ពី NHK។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Hitachi នឹង​លក់​ចំណែក​ភាគហ៊ុន​​ក្នុង​ទំហំ​ទឹកប្រាក់ ២០០ ពាន់​លាន​យ៉េន ឬ ១,៧ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី Nikkei ដែល​មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ច្បាស់​ពី​ប្រភព​ឡើយ ខណៈ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​សំណង់​មួយ​នេះ​មាន​តម្លៃ​ដល់​ទៅ ៧៥៣ ពាន់​លាន​យ៉េន។

ទឹកប្រាក់​ដែល​បាន​មក​​នឹង​យក​មក​អភិវឌ្ឍន៍​បន្ថែម​ទៅ​លើ​វិស័យ​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន Hitachi ដែល​មាន​ដូចជា រោងចក្រ​ផលិត​បន្ទះ​ឈីប Hitachi Kokusai Electric និង​រោងចក្រ​ផលិត​ថ្នាំ​គីមី Hitachi Chemical ជាដើម។

បញ្ជាក់​ដែរ​ថា Hitachi Construction កាលពី​ឆ្នាំ​ទៅ​ធ្លាប់​រក​ចំណូល​បាន​ដល់​ទៅ ៨១៣ ពាន់​លាន​យ៉េន ឬ​ជាង ៧ ពាន់​លាន​ដុល្លារ ពី​ការ​លក់​អេស្កាវ៉ាទ័រ រទេះរុញ ឡាន​ចាក់សំរាម និង​គ្រឿងបន្លាស់​ជាដើម ជាមួយ​នឹង​បុគ្គលិក​ប្រហែល ២៥ ០០០ នាក់​ទូទាំង​ពិភពលោក និង​ភាគច្រើន​ជា​ការ​លក់​ចេញ​ក្រៅប្រទេស​ជប៉ុន៕

ប្រភព: CNA

2K Shares