រដ្ឋាភិបាលវៀតណាម នឹងកាត់បន្ថយពន្ធទៅលើរថយន្តអគ្គិសនី រហូតដល់ឆ្នាំ ២០២៧

អន្តរជាតិ

កាលពីថ្ងៃអង្គារ សភាជាតិរបស់វៀតណាម បានបោះឆ្នោតកាត់បន្ថយពន្ធលើរថយន្តអគ្គិសនី ដែលដំណើរការដោយអាគុយ មកត្រឹម ៣% សម្រាប់រយ:ពេល ៥ ឆ្នាំ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ដោយគិតចាប់ពីថ្ងៃទី ១ ខែមីនា ពន្ធលើប្រភេទផ្សេងៗនៃរថយន្តដើរថាមពលអគ្គិសនី (BEVs) នឹងត្រូវបានកាត់បន្ថយពី ៣% ទៅ ១២% ពីកម្រិតបច្ចុប្បន្ន ហើយការអនុគ្រោះនេះ នឹងមានសុពលភាព រហូតដល់ថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ ២០២៧ ។

គួរឱ្យដឹងផងដែរថា ចាប់ពីឆ្នាំ ២០២៧ ទៅ ពួកគេនឹងត្រូវបង់ពន្ធនៅក្នុងកម្រិតបច្ចុប្បន្នពី ៥-១៥ ភាគរយវិញ ។

យ៉ាងណា​គណ:កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បាននិយាយថា ការដាក់ចេញនូវការអនុគ្រោះពន្ធនេះ គឺដើម្បីទាក់ទាញអ្នកវិនិយោគឱ្យបានលឿនជាងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត និងថែមទាំងចង់បង្កើតឱកាសដ៏ធំសម្រាប់ ក្រុមហ៊ុនវៀតណាម ក្នុងការផលិតរថយន្តប្រភេទ BEVs សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ។

មិនតែប៉ុណ្ណោះ លោក Vu Hong Thanh ប្រធានគណ:កម្មាធិការសេដ្ឋកិច្ច បាននិយាយថា ៖ ” រថយន្តអគ្គិសនី គឺមិនប៉ះពាល់ដល់បរិស្ថានទេ ហើយវាស័ក្តិសមសម្រាប់ការប្រើប្រាស់ជាក់ស្តែង ” ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនផលិតរថយន្ត VinFast បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនចិន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងផលិតអាគុយរថយន្តអគ្គិសនី ដែលជាផ្នែកមួយ នៃចក្ខុវិស័យរបស់ខ្លួន ដើម្បីក្លាយជាម៉ាកហីហោលំដាប់ពិភពលោក ៕

ប្រភព: VN Express

46 Shares