ឆ្នាំ​២០២២ រដ្ឋាភិបាល​បង្កើន​កញ្ចប់​ថវិកា​អភិវឌ្ឍឃុំ-សង្កាត់ដល់ ១២៧ ០០០​ ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​បាន​បង្កើនការ​ផ្ទេរ​ថវិកា​រដ្ឋ​ដើម្បី​យក​ទៅ​ប្រើប្រាស់​អភិវឌ្ឍ​ភូមិឃុំ ឆ្លើយតប​តម្រូវការ​របស់ពលរដ្ឋ​តាម​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព នៃ​ដំណើរការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ សម្រាប់​ថ្នាក់​ក្រោមជាតិ» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន(គ.ជ.អ.ប) បានឱ្យដឹងថា ជា​រៀងរាល់​ឆ្នាំ រដ្ឋាភិបាល​បាន​បង្កើន​ការផ្ទេរថវិកា​រដ្ឋ​ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែល​រហូត​មក​ទល់​ឆ្នាំ ​២០២១ ​នេះ មាន​ថវិកា​សរុប​ប្រមាណ​ជាង ៤.០០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ការគ្រប់គ្រង ការ​ចាត់ចែង និង​ការ​ប្រើប្រាស់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយៗ។ ដោយ​ឡែក​ឆ្នាំ២០២២ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទទួល​បាន​ថវិកា​សរុប ១ ០៤៣ លាន​ដុល្លារ។

លោក​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត​លើ​កញ្ចប់ថវិកា​នៃកម្មវិធីអភិវឌ្ឍថ្នាក់ក្រោមជាតិ ដោយ​បាន​បែងចែក​ជា៣ផ្នែកធំៗ រួមមាន៖ ទី១.ថ្នាក់​រាជធានី-ខេត្ត ទី២.ថ្នាក់​ក្រុង-ស្រុក-ខណ្ឌ និងទី៣.ថ្នាក់ឃុំ-សង្កាត់ ដែល​ទំហំទឹកប្រាក់​នៃការ​បែងចែក​ផ្អែកទៅ​លើវិសាលភាព​ជាក់ស្តែង​នៃ​GDP និង​ការគ្រប់គ្រង​ក្នុង​តំបន់​និមួយៗ។ កញ្ចប់​ថវិកា​ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដំណាក់កាល​ទី២នេះ មាន​សន្ទុះ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ពោល​គឺ​មានការ​ឡើងខ្ពស់​ដាច់​ឆ្ងាយ​ពី​ដំណាក់កាល​ទី១ ព្រោះ​គ្រាន់តែ​កញ្ចប់​ថវិកា​អភិវឌ្ឍឃុំ-សង្កាត់ ដែល​ពីមុន​មាន​ត្រឹម​៤៥០០​ដុល្លារក្នុងឆ្នាំ(២០០២) បានហក់ឡើងមក ​១២,៧០០០​ដុល្លារនៅឆ្នាំ២០២២នេះ។

លោក​បន្ត​ថា ឆ្នាំ ២០២២ សម្រាប់ឃុំ​សង្កាត់​មាន​ថវិកា​ចំនួន ២០៧ លានដុល្លារ។ ឆ្នាំ២០០២ ឃុំ សង្កាត់នីមួយៗមាន​ថវិកា​ជា​មធ្យម ៤,៥០០ដុល្លារក្នុង១ឆ្នាំ និង​ឆ្នាំ២០២២ មានចំនួន ១២៧,០០០​ដុល្លារ/១ឆ្នាំ។

ដោយឡែក​សម្រាប់ក្រុង​ស្រុក​មានថវិកាចំនួន ១៣៩ លានដុល្លារ រួមជាមួយ​ថវិការ​ក្នុងវិស័យ​អប់រំប្រមាណ​ជាង ៣៣លានដុល្លារ។ ឆ្នាំ២០១៣ ក្រុង ស្រុកនីមួយៗ​មានថវិកា​ជាមធ្យម ៧៩,៣៥៣ ដុល្លារ​ក្នុង១ឆ្នាំ។ ឆ្នាំ២០២២ មាន​ជាង ៥៧០,០០០ដុល្លារ/១ឆ្នាំ។

សម្រាប់រាជធានី ខេត្ត មាន​ថវិកា​ចំនួន ៦៩៧ លាន​ដុល្លារ រួមបញ្ចូល​ទាំងថវិកាផ្ទេរក្នុង វិស័យ​សុខាភិបាល​ប្រមាណជិត ១៧០​លាន​ដុល្លារ​ផងដែរ៕