ជាលើកដំបូង តម្លៃទីផ្សាររបស់ក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford កើនឡើងដល់ ១០០ ពាន់លានដុល្លារ

អន្តរជាតិ

តម្លៃទីផ្សាររបស់ក្រុមហ៊ុនរថយន្ត Ford Motor Co បានកើនឡើងដល់ ១០០ ពាន់លានដុល្លារ ជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ខណ:ពេលដែលអ្នកវិនិយោគភាគច្រើន កំពុងសម្លឹងឃើញភាពរីកចម្រើន ទៅលើយុទ្ធសាស្រ្តរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលបានកើនឡើងទ្វេរដងកាលពីឆ្នាំមុន បានបន្តកើនឡើងដល់ ៣,៧% បន្ថែមទៀត នៅក្នុងការជួញដូរកាលពីរសៀលម្សិលមិញ ខណ:ចំនួននេះដែរ គឺជាការកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយ:ពេលជាងពីរទសវត្សរ៍ចុងក្រោយ​។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Ford ឥឡូវនេះ មានតម្លៃទីផ្សារលើសក្រុមហ៊ុនគូប្រជែងចាស់របស់ពួកគេ គឺ ក្រុមហ៊ុន General Motors ដែលបច្ចុប្បន្នមានតម្លៃទីផ្សារប្រហែល ៨៨,៦១ ពាន់លានដុល្លារ និងក្រុមហ៊ុន Rivian Automotive ដែលជាក្រុមហ៊ុនផ្តោតលើអាជីវកម្មរថយន្ត EV ដែលមានតម្លៃទីផ្សារប្រហែល ៧៧,៨ ពាន់លានដុល្លារ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយត​ម្លៃទីផ្សាររបស់ Ford នៅតែមានកម្រិតទាបបំផុត បើធៀបទៅនឹងក្រុមហ៊ុនរថយន្តអគ្គិសនី Tesla Inc របស់មហាសេដ្ឋី Elon Musk ដែលមានតម្លៃទីផ្សារជាង ១ ទ្រីលានដុល្លារ ។

គួរឱ្យដឹងផងដែរថា ការកើនឡើងរបស់ក្រុមហ៊ុន Ford បានកើតឡើង នៅចំពេលផែនការរបស់ពួកគេ ក្នុងការបង្កើនសមត្ថភាពផលិតទ្វេដងទៅលើរថយន្តអគ្គិសនីប្រភេទភីកអាប់ F-150 ដ៏ពេញនិយម ដល់ចំនួន ១៥០ ០០០ គ្រឿង ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរថយន្តអគ្គិសនីដ៏ខ្លាំងក្លា របស់នាយកប្រតិបត្តិក្រុមហ៊ុន លោក Jim Farley ។

តម្រូវការសម្រាប់រថយន្តអគ្គិសនីប្រភេទភីកអាប់ F-150 Lightning កំពុងតែមានសន្ទុះដ៏ខ្លាំងក្លា រហូតដល់ថ្នាក់ក្រុមហ៊ុន Ford ត្រូវបញ្ឈប់ការកក់ទុកសម្រាប់រថយន្តប្រភេទនេះ មុនពេលត្រូវដាក់លក់ជាផ្លូវការ នៅនិទាឃរដូវនេះ ក្នុងទឹកដីសហរដ្ឋអាមេរិក ៕

ប្រភព: KeloNews

460 Shares