ក្រុមហ៊ុន​​កូរ៉េខាងត្បូង Posco និង​មហាសេដ្ឋី​មាន​ដាច់គេ​នៅ​អាស៊ី ចាប់ដៃ​គ្នា​វិនិយោគ​លើ​ជំនួញ​ថ្មី​ ប្រើទុនជាង ៥ ពាន់​លាន​ដុល្លារ

អន្តរជាតិ
192 Shares

កាលពី​ថ្ងៃទី ១៣ មករា​កន្លងទៅ ក្រុមហ៊ុន​កូរ៉េខាងត្បូង Posco ដែល​ជា​ក្រុមហ៊ុន​ផលិត​ដែកថែប បាន​ចុះ​កិច្ចសន្យា​ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន Adani Group ក្នុង​គម្រោង​សាងសង់​រោងចក្រ​ផលិត​ដែកថែប​នៅ​ប្រទេស​ឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​ការ​ប្រកាស​ពី​ខាង​ក្រុមហ៊ុន​កូរ៉េខាងត្បូងបាន​ឲ្យ​ដឹង​ថា ក្រៅពី​គម្រោងការណ៍​សាងសង់​រោងចក្រ​ដែកថែប ពួកគេ​នឹង​សិក្សា​បន្ថែម​ឲ្យ​លំអិត​ពី​ផែនការ​ផ្សេងៗ​ទៀត ក្នុងការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល​កាបូន​ទៅ​ក្នុង​បរិយាកាស។

ដោយឡែក យោង​តាម​ការ​ចុះផ្សាយ​ពី​ The Korea Herald បាន​ឲ្យ​ដឹងថា Posco និង Adani កំពុង​ចុះ​សិក្សា​ពី​ទីតាំង​នៃ​ការ​សាងសង់​រោងចក្រ​នៅ​ភាគខាងលិច​នៃ​រដ្ឋ Gujarat ខណៈ​តម្លៃ​នៃ​ការ​សាងសង់​រោងចក្រ​មួយ​នេះ​​នឹង​គិត​បញ្ចូល​ពី​កញ្ចប់​ថវិកា​វិនិយោគ ៥ ពាន់​លាន​ដុល្លារ។

រីឯ Reuters វិញ​ក៏​បាន​រាយការណ៍​ដែរ​ថា ផែនការ​សាងសង់​រោងចក្រ​ដែកថែប​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​កិច្ចសន្យា​រវាង Posco និង Adani ប៉ុណ្ណោះ ខណៈ​វា​ក៏​នឹង​អាច​ផ្ដល់​ឱកាស​ថ្មី​មួយ​ក្នុង​ការ​បន្ថែម​តម្រូវការ​ផ្គត់ផ្គង់​ដែកថែប​ទូទាំង​តំបន់​អាស៊ីខាងត្បូង​ផង​ដែរ។

យ៉ាងណា កញ្ចប់​ថវិកា​ប្រមាណ ៥ ពាន់​លាន​ដុល្លារ​នោះ នឹង​បោះទុន​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ដូចជា ថាមពល​អ៊ីដ្រូសែន វិស័យ​ដឹកជញ្ជូន និង​ថាមពល​កកើត​ឡើងវិញ​ជា​ដើម។

បញ្ជាក់​ដែរ​ថា កន្លងមក Adani ធ្លាប់​បង្ហើប​ថា នឹង​បោះលុយ​ប្រមាណ ២០ ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​កែច្នៃ​ថាមពល​កកើត​ឡើងវិញ ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ ស្របពេល​គោលបំណង​សំខាន់​មួយ​ទៀត គឺ​នឹង​ព្យាយាម​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឲ្យ​អស់​ត្រឹម​ឆ្នាំ ២០២៥៕

ប្រភព: econotimes

192 Shares