ស្ថិតក្នុងវិបត្តិកូវីដ-១៩ ធនាគារជាតិ ដាក់លក់ប្រាក់ដុល្លារអាមេរិកជាង ៥០០លាន ដើម្បីសង្គ្រោះប្រាក់រៀល

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា បានដាក់លក់ប្រាក់ដុល្លារអាមេរិកជាង ៥០០លាន ជាមួយ​វិស័យធនាគារ​នានា ​ដើម្បីជួយ​រក្សាតុល្យភាព​នៃអត្រាប្តូរប្រាក់​នៅកម្ពុជា​ សម្រាប់ឆ្នាំ២០២១។ ​ជាការកត់សម្គាល់ ​ប្រាក់ដុល្លារ​អាមេរិក​នាពេលចុងក្រោយនេះ​បានឡើងថ្លៃ​ដល់ ​៤១០០រៀល​ ក្នុងមួយដុល្លារ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃព្រហស្បតិ៍ ទី១៣ មករា លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិ បានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។

បើតាមលោក ជា ចាន់តូ ការបញ្ចេញ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​នេះ បាន​ចូលរួមចំណែក​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ចកម្ពុជា សម្រេចបាន​ក្នុង​រង្វង់​៣​ភាគរយ​នៅ​ឆ្នាំ ​២០២១ បន្ទាប់ពី​កាលពី​ឆ្នាំ ​២០២០ ធ្លាក់​ដល់​៣,១​ភាគរយ និង​អាច​គ្រប់គ្រង​បាន​នូវ​សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ ឬ​ហៅថា អតិផរណា​ ឱ្យនៅ​ក្នុង​កម្រិត​ទាប​ក្នុង​រង្វង់​ ២,៩​ ភាគរយ​។

លោកបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ជាមួយអត្រាអតិផរណា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន។

លោក ជា ចាន់តូ គូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកដែលបានជួយជំរុញការនាំចេញ គួបផ្សំនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញជាលំដាប់។

​​ធនាគារអភិវឌ្ឍន៍អាស៊ី​ ADB ធ្លាប់បាន​ព្យាករណ៍​ថា ​សេដ្ឋកិច្ចកម្ពុជា​នឹង​ស្ថិតក្នុង​រង្វង់​ ៥,៥% ក្នុង​ឆ្នាំ ២០២២ នេះ​ដោយសារ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ដែល​ជួយ​ជំរុញ​តម្រូវការសម្រាប់​ការនាំចេញ​របស់ប្រទេសកម្ពុជា។

ទោះយ៉ាងណា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងថា ការដេញថ្លៃប្រាក់ដុល្លារ ជាពិសេសក្នុងអំឡុងស្ថានភាពជំងឺកូវីដ-១៩នេះ គឺមានសារៈប្រយោជន៍ណាស់​ បើអាស្រ័យទៅតាមគោលនយោបាយរូបិយវត្ថុជាតិ ដែលធនាគារជាតិបានអនុវត្ត។ លោកបណ្ឌិត អ៊ិន ចាន់នី បន្ថែមទៀតថា ការដាក់ដេញថ្លៃបែបនេះ ក៏ជាវិធានការមួយសម្រាប់រក្សាតម្លៃប្រាក់រៀលក្នុងប្រទេស​កម្ពុជា និងធ្វើឱ្យប្រាក់រៀលមានតម្លៃ និងស្ថិរភាពល្អ បើប្រៀបធៀបជាមួយរូបិយប័ណ្ឌបរទេសជាពិសេសគឺ ប្រាក់ដុល្លារ។

ជាការឆ្លើយតបឱ្យទាន់ពេលវេលា និងដើម្បីជៀសវាងការបម្រែបម្រួលដោយគំហុក ដែលអាចនាំអោយមានឥទ្ធិពលដោយប្រយោលដល់អតិផរណាបច្ចុប្បន្ន និងអំណាចទិញរបស់ប្រជាជន ធនាគារជាតិនៃកម្ពុជា ក៏បានកំពុងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងទៀត ដើម្បីចូលរួម​​កាត់​បន្ថយសម្ពាធនេះជាអតិបរមា ក្រៅតែពីការដេញថ្លៃប្រាក់ដុល្លារ។

លោក ជា ចាន់តូ បញ្ជាក់បន្ថែមថា៖ ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ដូចជាការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងអាជីវកម្មបានមួយកម្រិត។

លើសពីនេះទៅទៀត ស្របតាមដំណើរការសេដ្ឋកិច្ចនិងការរស់នៅតាមគន្លងថ្មី ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការទូទាត់និងការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងនិងក្រៅប្រទេស៕