នាយករដ្ឋមន្រ្តីសិង្ហបុរី គាំទ្រការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នាថ្ងៃសុក្រ ទី១៤ ខែមករាម្សិលមិញ។ នៅក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន បានថ្លែងប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះគឺ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើយ៉ាងណាបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ នឹងការផ្ដល់អំណោយមនុស្សធម៌ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជាចាំបាច់នោះ ព្រមទាំងជំរុញឲ្យមានការសន្ទនា ដែលជាការងារចាំបាច់ក្នុងនាមសម្ដេចជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក លី សៀនឡុង បានអរគុណសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ។ លោកក៏បានគូសបញ្ជាក់ដែរថា លោកពិតជាមានការគាំទ្រចំពោះការខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ជាពិសេសក្នុងនាមជាប្រធានអាស៊ាន រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។

ទោះយ៉ាងណា នៅ​ចំពោះ​មុខ​វិបត្តិ​នៅ​ប្រទេស​ភូមា​នេះ​ទៀត​សោត ភាគីខាងសិង្ហបុរី បានឯកភាពជាមួយ សម្ដេច ហ៊ុន សែន ថា ការងារបន្តគឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀតជាពិសេសការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាននេះ ដែលក្នុងកាលៈទេសៈនេះត្រូវតែមានការជួយដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីដោះស្រាយវិបត្តិនយោបាយនេះ។

សូមជម្រាបជូនថា តាមការគ្រោងទុក រដ្ឋ​មន្ដ្រី​ការ​បរទេស​នៃ​បណ្ដា​ប្រទេស​អាស៊ាន នឹងត្រូវ​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៨​និង​១៩​ខែ​មករា​ខាង​មុខ នៅ​ក្នុង​ខេត្ត​សៀមរាប​ ប៉ុន្តែ​កិច្ច​ប្រជុំ​នេះ​ត្រូវ​កម្ពុជា​សម្រេចផ្អាក ដោយ​មិន​មាន​ពេល​វេលា​កំណត់ ក្រោម​ហេតុផលថា រដ្ឋ​មន្ដ្រី​នៃ​បណ្ដា​ប្រទេស​នានា ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ចូល​រួម​ប្រជុំ ក្នុង​ពេល​ជំងឺ​កូវីដ​-១៩​ កំពុង​រាត​ត្បាត​៕