សិស្សជាប់និទ្ទេស A ជាង១ពាន់នាក់នៅទូទាំងប្រទេស ត្រៀមខ្លួនជួបសម្តេច ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច
210 Shares

នៅថ្ងៃសុក្រម្សិលមិញ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានបេក្ខជនចំនួន ៧២,០១៦ នាក់ ស្មើនឹង ៦៥,៦៥ ភាគរយបានប្រឡងជាប់។ បើតាម​សេចក្តីប្រកាស​របស់​ក្រសួង មាន​បេក្ខជនដែលជាប់​និទ្ទេស A ទូទាំងប្រទេស​មាន​ចំនួន ១ ៧៥៣ នាក់។ ដោយសេចក្ដីអំណរនិងសាទរ ចំពោះសិស្សានុសិស្សដែលប្រឹងប្រែងតស៊ូរហូតទទួលបានលទ្ធផលជូនខ្លួនឯង អាណាព្យាបាល និងសង្គមជាតិ ក្នុងឆ្នាំសិក្សាថ្មី ២០២២នេះ សម្តច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គ្រោងនឹងជួបសិស្សជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់នៅទូទាំងប្រទេសនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៥ មករានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ សូមអបអរសាទរចំពោះចៅៗដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស ហើយខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូកដល់ ១,៧៥៣នាក់។

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចឆ្នាំមុនៗដែរ លើកលែងតែឆ្នាំ២០២០ ដែលឱ្យជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះសម្តេច និងជួបជាមួយសិស្សានុសិស្សដើម្បីលើកទឹកចិត្តដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។

តែយ៉ាងណា ពេលវេលានិងទីកន្លែងជួបប្រមុខរាជរដ្ឋាភិបាលរបស់សិស្សានុសិស្សនិទ្ទេស A មិនទាន់បានបញ្ជាក់នៅឡើយ ដោយរង់ចាំប្រាប់ពេលជាក់លាក់ពីខាងរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង្ស ជួនណារ៉ុន។

សូមជម្រាបជូនថា តាមលទ្ធផលចេញដោយក្រសួងអប់រំកាលពីថ្ងៃសុក្រ នៅរាជធានី​ភ្នំពេញ​មានបេក្ខជនដែលជាប់​និទ្ទេស A ច្រើន​ជាង​គេ។ ក្នុងនោះបេក្ខជនមកពីរាជធានីភ្នំពេញ​បាន​និទ្ទេស A មាន​ចំនួន ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្ដាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់៕

210 Shares