ឥណ្ឌាកើនមហាសេដ្ឋី ៤០ នាក់កាលពីឆ្នាំទៅ ស្របពេលកំណើនប្រជាពលរដ្ឋក្រីក្រ នៅតែបន្តកើនឡើងទ្វេដង

អន្តរជាតិ

យោងតាមរបាយការណ៍ពី Global Oxfam Davos បានបង្ហាញនៅក្នុងឆ្នាំ ២០២២ នេះថា ចំនួនមហាសេដ្ឋីរបស់ប្រទេសឥណ្ឌា បានកើនឡើងទ្វេដង បើទោះបីវិបតិ្តកូវីដ ១៩ បានធ្វើឱ្យប្រទេសមួយនេះធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែអាក្រក់ទៅ និងភាពក្រីក្ររបស់ប្រជាជនក៏កាន់តែកើនឡើងច្រើនផងដែរ។ ហើយនៅត្រង់ចំនុចនេះ រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញ នូវគោលនយោបាយរបស់ខ្លួន ដើម្បីធ្វើការបែងចែកទ្រព្យសម្បត្តិឡើងវិញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងឥណ្ឌា បានបន្ថែមមហាសេដ្ឋីថ្មីៗចំនួន ៤០ នាក់ទៀត ដែលធ្វើឲ្យចំនួនមហាសេដ្ឋីកើនឡើងដល់ ១៤២ នាក់ កាលពីឆ្នាំទៅ ខណ:ទ្រព្យសម្បត្តិរបស់ពួកគេបូកបញ្ចូលគ្នាសរុបមានចំនួនជិត ៧២០ ពាន់លានដុល្លារ ដែលច្រើនជាងចំនួនប្រជាជនក្រីក្របំផុត ប្រមាណ ៤០% ឯណោះ ។

គួរឱ្យដឹងផងដែរថាទ្រព្យសម្បត្តិរបស់អ្នកមាន បានកើនឡើងនៅទូទាំងពិភពលោក ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ នេះ ដោយសារតែតម្លៃនៃអ្វីៗគ្រប់យ៉ាង ដោយរាប់ចាប់តាំងពីតម្លៃភាគហ៊ុន រហូតដល់កាក់គ្រីបតូ និងទំនិញបានកើនឡើង ។

តែទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពពី Oxfam បាននិយាយថា ភាពអត់ការងារធ្វើ នៅក្នុងទីក្រុង របស់ប្រទេសឥណ្ឌា បានកើនឡើងខ្ពស់ដល់ទៅ ១៥% កាលពីខែឧសភាពឆ្នាំមុន ស្របពេលភាពខ្វះខាតទៅលើស្បៀងអាហារ កាន់តែមានភាពអាក្រក់ទៅៗផងដែរ ។

សូមបញ្ជាក់ផងដែរថា គោលនរយោបាយរបស់រដ្ឋ រួមទាំងការលុបចោលពន្ធទៅលើទ្រព្យសម្បត្តិ ក្នុងឆ្នាំ ២០១៦ រួមទាំងការកាត់បន្ថយយ៉ាងច្រើន ទៅលើការបង់ពន្ធសាជីវកម្ម និងការកើនឡើងនៃការយកពន្ធដោយប្រយោល គឺជាកក្តាដ៏ធំមួយ ដែលធ្វើឱ្យអ្នកមាន កាន់តែមាន ស្របពេលប្រាក់ឈ្នួលអប្បបរមារបស់ប្រជាជនឥណ្ឌា នៅតែមានចំនួនទាបបំផុត ១៧៨ រូពី ឬ ២,៤០ ដុល្លារ ក្នុងមួយថ្ងៃ។

បន្ថែមពីនេះ ៨៤% នៃគ្រួសារនៅក្នុងប្រទេសឥណ្ឌា បានបាត់បង់ចំណូលទាំងស្រុង  ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ ១៩ ស្របពេលចំនួននេះដែរ បានធ្វើឱ្យឥណ្ឌា ដើរតាមគន្លងរបស់ អនុតំបន់សាហារ៉ាអាហ្រ្វិក ដែលចំនួននៃភាពក្រីក្រ មានការកើនឡើងខ្ពស់បំផុត ៕

ប្រភព: Orissapost