អ្នកភ្នំពេញតោះមកដឹងពីប្រវត្តិឈ្មោះ ស្ទឹងមានជ័យ បឹងទំពុន ទួលគោក និងទួលទំពូង

កម្សាន្ត

អ្នកភ្នំពេញតោះមកដឹងពីប្រវត្តិឈ្មោះ ស្ទឹងមានជ័យ បឹងទំពុន ទួលគោក និងទួលទំពូង

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
                                                                                                                                                                                                                                                                                                                                            ទីតាំងនីមួយៗនៅកម្ពុជាភាគច្រើនសុទ្ធតែមានប្រវត្តិដើមរបស់វា។ តួយ៉ាងដូចជាឈ្មោះតំបន់ ស្ទឹងមានជ័យ ទួលទំពូង បឹងទំពុន និងទួលគោក មានប្រវត្តិដើមគួរឲ្យចាប់អារម្មណ៍បំផុតដែលប្រជាជនភាគច្រើនបែបមិនបានដឹង។ 

                                                                                                                                                                                                                                                                                                                                            ១- ស្ទឹងមានជ័យ

ស្ទឹងមានជ័យ ពីដើមមានឈ្មោះថា “ស្ទឹងទទឹងថ្ងៃ” តែប្រហែលជាក្នុងរាជ្យព្រះជ័យចេស្ដាមានសង្គ្រាមរវាងខ្មែរ-យួន កើតឡើង កងទ័ពខ្មែរដែលមានជ័យជម្នះលើទ័ពយួនហើយកាប់យួនស្លាប់ពេញទឹកទើបអ្នកស្រុកហៅកន្លែងនោះថា “អន្លង់ក្បាលយួន”។ ក្រោយពីមានជម្នះហ្លួងព្រះជ័យចេស្ដាបានយាងមកប្រថាប់ឯ “ទួលព្រះស្រី” ហើយទ្រង់ចង់សាងវាំងតូចមួយនៅទីនេះគ្រាន់រំឭកដល់អនុស្សាវរីយ៍នៃការមានជ័យជម្នះ និង មកគង់ម្ដងម្កាល។ រយៈពេលនោះព្រះគ្រូពោធិវាំង ឯក ( វត្តឧណ្ណាលោម ) និង ស្រីស្រឹង្គារមុនី ( វត្តភ្នំដូនពេញ ) ដែលជាជំនិតនៃហ្លួងមានជំនាញខាងច្បាប់ បានមកតែងច្បាប់មួយ។ ច្បាប់នេះទាក់ទងនឹងអាពាហ៍ពិពាហ៍ហៅថាទម្រង់ការព្រះជ័យចេស្ដា និង ខាងច្បាប់ចៅក្រមមួយ។ ពេលនោះឯងទើបព្រះគ្រូពោធិវាំងឯក ទូលហ្លួងថា “ថ្វាយព្រះពរ ! ដីទួលព្រះស្រីនេះចង្អៀតណាស់ បើសព្វព្រះរាជហឫទ័យសូមធ្វើនៅឯបឹងត្បែងវិញ ដ្បិតទីនោះវាទូលាយ”។

ក្រោយមកទើបហ្លួងសម្រេចព្រះទ័យទៅធ្វើវាំងឯបឹងត្បែងវិញ ឱ្យឈ្មោះថា “វាំងបឹងត្បែង” ( វាំងនោះឯងកាលព្រះករុណារាជានុកោដ្ឋ សម្ដេចស៊ីសុវត្ថិ កាលនៅជាមហាឧបរាជទ្រង់សព្វព្រះទ័យទៅតែទីនោះណាស់ កាលនោះឯងបារាំងស្មានថាហ្លួងរត់បាត់តាមពិតហ្លួងនៅឯបឹងត្បែងនេះទេ។ ទើបក្រោយមកចៅពញាភក្ដីសង្គ្រាម ហុក ជាមេទ័ពធំ ទូលហ្លួង (ព្រះជ័យចេស្ដា) ថា “សូមទ្រង់ព្រះមេត្តាប្រោស ស្ទឹងទទឹងថ្ងៃនេះជាទីជ័យភូមិច្បាំងដាច់សាច់កន្លែងនេះចុងក្រោយ” ទើបហ្លួងព្រះជ័យចេស្ដាមានព្រះរាជឱង្ការថា “ណ្ហើយ ! ឈប់ហៅស្ទឹងទទឹងថ្ងៃទៅ ហៅស្ទឹងមានជ័យវិញ” តំណនោះមកទើបជាប់ឈ្មោះមកដល់សព្វថ្ងៃ។

២- បឹងទំពុន


ឯឈ្មោះ “បឹងទំពុន” ពាក្យទំពុននេះជាងារមនុស្សពូជសូទ្រៈដែលក្នុងនោះមានបីគឺ ទំពុន , ទំលែ , ចម្បងលែ។ ពួកនេះជាអ្នកល្មើសនឹងវិន័យព្រះសាសនាដូចយ៉ាងសង្ឃប្រព្រឹត្តខុសវិន័យជាដើមទើបជាប់ងារជាពលព្រះ។ ពីដើមប្រហែលជាពួកនេះរកស៊ីអីនៅម្ដុំបឹងនេះទើបជាប់ឈ្មោះថា “បឹងទំពុន” រហូតមកដល់សព្វថ្ងៃនេះ។

                                                                                                                                                                                                                                                                                                                                            ៣- ទួលគោក

ឯឈ្មោះ “ទួលគោក” សម្ដេចជួន ណាតមានព្រះបន្ទូលថាពីដើមឱ្យតែទឹកលិចអ្នកទឹកល្អក់ជាដើមនោះ ដែលប្រកបរបរធ្វើស្រែ រែកដី តែងយកគោទៅចងនៅទីទួលនោះទើបជាប់ឈ្មោះថា “ទួលគោក”។

                                                                                                                                                                                                                                                                                                                                            ៤- ទួលទំពូង

ឯ “ទួលទំពូង” ទ្រង់មានព្រះបន្ទូលថាកាលទ្រង់នៅជាលោកនេន លោកគ្រូតែងប្រើឱ្យទៅរើសសម្បកទំពូងនៅទីទួលមួយដែលទីនោះហើយគេហៅថា “ទួលទំពូង”។

                                                                                                                                                                                                                                                                                                                                            គួរដឹងថានេះជាការប្រែសម្រួលចេញពី ព្រះសូរសព្ទដើមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ( ខ្សែអាត់សំឡេង ) ដោយលោក គាង សុផែត៕