សម្តេច ហ៊ុន សែន ប្រកាសគាំទ្របើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ នាយប់ថ្ងៃអង្គារ៍ ទី១៨ មករានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ពេលនេះ និងប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំគាំទ្រទាំងស្រុងលើការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានខ្ញុំ សូមគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍របស់អាស៊ានឡើងវិញ នៅថ្ងៃស្អែកចេញ ពីទីក្រុងព្រះសីហនុ»

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក។ ទន្ទឹមនឹងនោះ សម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ក្នុងការធ្វើដំណើរមកចូលរួមវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅពេលនេះតាមផ្លូវគោក និងផ្លូវអាកាសទោះបីជាប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែមក្នុងបរិបទកូវីដ-១៩ យ៉ាងណាក៏ដោយ។

សម្តេច ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ កម្ពុជាពិតជាមានសេចក្តីរីករាយដោយសង្កេតឃើញការបើកប្រទេសឡើងវិញជាបណ្ដើរៗ នៅតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសការរួមសាមគ្គីគ្នា និងសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រឈមរួមរបស់តំបន់ និងសាកលលោក។

នៅក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានចែករំលែក និងផ្ដល់នូវអនុសាសន៍មួយចំនួនដល់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដូចជា ការបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមកន្លងប្រក្រតីភាពថ្មីសម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន។ ការគាំទ្រគំនិតផ្តួចផ្តើមសម្រាប់បណ្ដាប្រទេសអាស៊ានក្នុងការរៀបចំអនុវត្តវិធានការសុខាភិបាលក្នុងសហគមន៍ទេសចរណ៍។ ក្នុងរយៈពេលដ៏ខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត។

May be an image of 3 people and flower

សម្តេចបន្ថែមទៀតថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំ អង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍អាស៊ាន គួរបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តប្រកបដោយកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ល្អៗជុំវិញការទាក់ទាញ និងការអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរនូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងជួយគាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាន។

បើតាមសម្តេច ហ៊ុន សែន អាស៊ានក៏ត្រូវរួមគ្នាជំរុញមើលឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុនប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្រ្តីអំពាវនាវឲ្យអាស៊ានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូឯកជន ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរកភាពរីកចម្រើនវិស័យទេសចរណ៍ប្រកបដោយភាពធន់តាមកន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល៕