សណ្ឋាគារផ្កាយ ៥ របស់ម្ចាស់ភាគហ៊ុនថៃមានអាយុកាល ២២ឆ្នាំនៅកម្ពុជាបន្តទទួលប្រជាប្រិយភាពពីស្ថាប័នអន្តរជាតិ

អាជីវកម្ម

គិតមកដល់ត្រឹមឆ្នាំ២០២២នេះ សណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ មានអាយុកាល ២២ឆ្នាំហើយ ដែលជាសណ្ឋាគារមានភាពទំនើបខ្ពស់ មានបុគ្គលិកឆ្នើម និងអាហារឈ្ងុយឆ្ងាញ់ ក្រោមការបណ្តាក់ទុនពីវិនិយោគិនជនជាតិថៃ លោក សុភូឆៃ វេរ៉ូភុឈុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតនៅតាមដងទន្លេ អមជាមួយនឹងសួនច្បារដ៏ស្រស់បំព្រង សណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា មានកន្លែងរៀបចំសាលសន្និសីទ សាលប្រជុំ សាលតាំងពិពណ៌ កន្លែងរៀបចំអាពាហ៍ពិពាហ៍ដ៏សក្តិសមបំផុតសម្រាប់លំដាប់អភិជន ជាមួយអគាររចនាម៉ូតបែបបារាំង និង ការតុបតែងយ៉ាងល្អប្រណិត សុវត្ថិភាពខ្ពស់។

សណ្ឋាគារ​សូហ្វីតែល ភូគីត្រា ភ្នំពេញ ត្រូវ​បាន​ទស្សនាវដ្ដី​ទេសចរណ៍​លំដាប់​ខ្ពស់​ Conde Nast Traveller ផ្ដល់​ចំណាត់​ថ្នាក់​ឆ្នើម​លេខ​២​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។ សណ្ឋាគារ​ លំដាប់​ផ្កាយ​៥​ដែល​មាន​តម្លៃ​បន្ទប់​ចាប់ពី​២០០​ដុល្លារ​ឡើង​ទៅ​នេះ ក៏​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​បាន​ចំណាត់​ថ្នាក់​លេខ​៣៥ ក្នុង​ចំណោម​សណ្ឋាគារ​ល្អ​បំផុត​ក្នុង​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៣​ផង​ដែរ។

 សណ្ឋាគារ​ សូហ្វីតែល ក៏​ត្រូវ​បាន​ទស្សនាវដ្ដី​ទេសចរណ៍​ដដែល​នេះ​កោតសរសើរ​ថា ជា​សណ្ឋាគារ​ឆ្នើម និង​មាន​សេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ​បំផុត។

លើសពីនេះ សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា Golf & Spa Resort នៅសៀមរាប ក៏ត្រូវបានទទួលស្គាល់ថា ជាជម្រើសសណ្ឋាគារមួយដ៏ល្អសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ពី Forbes Travel Guide ប្រចាំឆ្នាំ ២០២០។ Forbes Travel Guide គឺជាស្ថាប័នវាយតម្លៃដ៏ល្បីល្បាញលំដាប់ពិភពលោកតែមួយគត់សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា។

សណ្ឋាគារលំដាប់ផ្កាយ ៥ មួយនេះ ត្រូវបានកាន់កាប់ភាគហ៊ុនដោយក្រុមហ៊ុនថៃ សម្ព័ន្ធកាន់តាណា ហើយក៏ក្រោបដណ្តប់ទៅលើក្រុមហ៊ុន មីកាមីឌៀ ដែលមានកម្មសិទ្ធិ ៥០ ភាគរយ លើស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយមានកិច្ចសហការវិនិយោគ ជាមួយក្រសួងការពារជាតិនៃប្រទេសកម្ពុជា។

ក្រុមហ៊ុន មីកាមីឌៀ ត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយសម្ព័ន្ធកាន់តាណា ដែលជាក្រុមហ៊ុនផលិតកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយដ៏ធំ និងចំណាស់ជាងគេមួយនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនទោលឯកជន ដោយមានអគ្គនាយកឈ្មោះ សុភូឆៃ វេរ៉ូភុឈុង៕