ថៃបញ្ជាក់ថា គម្រោងពង្រីកព្រលានយន្តហោះសុវណ្ណភូមិ មានតម្លៃជិត ៨ ពាន់លានដុល្លារ នឹងត្រូវចាប់ផ្តើមនៅខែ កក្កដា

អន្តរជាតិ

ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បាននិយាយកាលពីថ្ងៃអង្គារថា គម្រោងពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិ ដែលមានតម្លៃប្រមាណ ៧,៨ ពាន់លានដុល្លារ នឹងអាចចាប់ផ្តើមនៅក្នុងខែកក្កដា ជាមួយនឹងការដេញថ្លៃ ដើម្បីស្វែងរកអ្នកម៉ៅការគម្រោងដ៏ធំនេះ ត្រូវបានធ្វើឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋមន្រ្តីដដែលនេះ បាននិយាយទៀតថា គម្រោងគឺត្រូវបានអនុវម័តដោយរដ្ឋមន្រ្តី ក្រុមប្រឹក្សាអាកាសយានដ្ឋាននៃប្រទេសថៃ (AoT) និងគណៈកម្មាធិការរបស់រដ្ឋាភិបាលរួចរាល់ហើយ ទៅលើគម្រោងមួយដែលមានឈ្មោះថា East Expansion ដើម្បីធ្វើការពង្រឹងសមត្ថភាពរបស់អាកាសយានដ្ឋាសុវណ្ណភូមិបន្ថែមទៀត ហើយវានឹងត្រូវការចំណាយរយ:ពេល ២ ឆ្នាំ ដើម្បីបញ្ចប់គម្រោងនេះ ។

មិនតែប៉ុណ្ណោះ លោក Saksyam បាននិយាយទៀតថា នៅពេលដែលសុវណ្ណភូមិត្រូវបានពង្រីក និងបើកដំណើរការនៅខែមីនា ឆ្នាំ ២០២៥ នោះអាកាសយានដ្ឋាននេះ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ៦៥ លាននាក់ ក្នុងមួយឆ្នាំ ពីចំនួន ៤៥ លាននាក់ក្នុងមួយឆ្នាំ នាពេលបច្ចុប្បន្ន ។

លោកបន្តថា ការបង្កើនសមត្ថភាពចំនួន ៤៤% នេះ គឺស្របទៅតាមការព្យាករ ចំនួនអ្នកធ្វើដំណើរ ដែលបានប្រើប្រាស់ព្រលានយន្តហោះសុវណ្ណភូមិ នៅឆ្នាំនេះ ។

បន្ថែមពីនេះ លោក Kerati Kijmanawat ដែលជាអនុប្រធាន AoT បាននិយាយថា គម្រោងនេះ នឹងត្រូវប្រើប្រាស់ផ្ទៃដីទំហំ ៦៦ ០០០ ម៉ែត្រការ៉េ ដើម្បីបន្ថែមនូវច្រកចេញ-ចូល ចំនួន ១០៨  ថែមទៀត រួមទាំងឧបករណ៍បញ្ជូនឥវ៉ាន់ចំនួន ៦ កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យសុវត្ថិភាពចំនួន ៩ ទៀតផង ៕

ប្រភព: Bangkok Post