បាន​គ្រប់ ២៥ ខេត្តក្រុង អតិថិជន​ធនាគារប្រៃសណីយ៍កម្ពុជា និង AMK អាចប្រើ​សេវា​ដក​ដាក់ប្រាក់​ក្នុង​ទូ ATM តែ​មួយ​

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សហការគ្នា ដើម្បីផ្តល់ជូនអតិថិជននួវភាពងាយស្រួលក្នុងការប្រើប្រាស់ប័ណ្ណ ATM និងប័ណ្ណវីសាឥណពន្ធរបស់ខ្លួន ក្នុងការដកប្រាក់ តាមរយៈម៉ាស៊ី នATM របស់ស្ថាប័នទាំងពីរនៅ​គ្រប់ ២៥​ខេត្ត-ក្រុង ដោយឥតគិតថ្លៃសេវា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជាបាន​បញ្ជាក់ថា យុទ្ធសាស្រ្តរបស់ស្ថាប័នទាំងពីរធ្វើឡើងក្នុងគោលដៅរួម គឺដើម្បីពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែរហ័ស ងាយស្រួល និងខិតជិតអតិថិជន។

បច្ចុប្បន្ន ធនាគារប្រៃសណីយ៍កម្ពុជាមានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស។ ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានបណ្តាញម៉ាស៊ីន ATM សរុប ៧០ ទីតាំងទូទាំងប្រទេស។ នេះមានន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១៥៩ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។ 

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​ឲ្យដឹង​ថា គោលបំណងសំខាន់នៃកិច្ចសហការនេះ គឺផ្តោតសំខាន់លើអតិថិជនជាចម្បង ដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ តាមរយៈការដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម របស់ស្ថាប័នទាំងពីរ បានយ៉ាងងាយស្រួល មានប្រសិទ្ធភាព និងចំណេញពេលវេលា។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយ ក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ ធនាគារនេះ​មានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង គិតត្រឹមរយៈពេលជាង ៧ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយ នៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់និងវិញ្ញាបនបត្រសរសើរ ពី​ស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។

ដោយឡែក​អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង ៧,០០០កន្លែង នៅទូទាំងប្រទេស៕