សម្តេចម៉ែ ប្រោសព្រះរាជទានថវិកា ១០មុឺនដុល្លារដល់មន្ទីរពេទ្យហ្លួងម៉ែ

សង្គម​និង​សេដ្ឋកិច្ច

សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​​ ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះ​រាជទាន​ព្រះរាជទ្រព្យផ្ទាល់ចំនួន ១០មុឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យហ្លួងម៉ែ ដើម្បីបម្រើសេវាព្យាបាល និងថែទាំជូនដល់ប្រជានុរាស្រ្តនៅកម្ពុជា ស្របតាមព្រះរាជតម្រិៈនៃអង្គសម្តេចឪ ព្រះបរមរតនកោដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជអំណោយជាថវិកាក្នុងការព្រះរាជទានដល់មន្ទីរពេទ្យ ហ្លួងម៉ែ នៅពេលនេះមិនមែនជាលើកទីមួយនោះ ខណៈសម្តេចព្រះមហាក្សត្រី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ព្រះសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារជូនមន្ទីរពេទ្យ ហ្លួងម៉ែ មានទីតាំងនៅខណ្ឌដង្កោ ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យរៀបចំទៅជាមន្ទីរពេទ្យទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលអាចផ្ទុកអ្នកជំងឺសម្រាកព្យាបាលជំងឺកូវីដ១៩បាន៥០០នាក់ បន្ទាប់ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សណ្ឋាគារអាំងទែកុងទីណង់តាល់ និងមន្ទីរពេទ្យមួយចំនួនទៀតនៅរាជធានីភ្នំពេញ។

សូមជម្រាបថា នៅថ្ងៃទី២៧ ខែមីនាដដែល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមកពីចំណុះស្ថាប័នក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ដើម្បីសិក្សាវាយតម្លៃលើបច្ចេកទេស និងហិរញ្ញវត្ថុ ដែលរដ្ឋត្រូវចំណាយក្នុងការទិញយកមន្ទីរពេទ្យស្ត្រី«នគរទេព» ហើយនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យរដ្ឋដោយមានឈ្មោះថាមន្ទីរពេទ្យ«ហ្លួងម៉ែ» បន្ទាប់ពីគណៈកម្មការចំពោះកិច្ចចែងចាត់ចរចា និងទិញយកមន្ទីរពេទ្យឯកជននេះរួចរាល់។

ក្រោយការប្រកាសពីសម្តេច ហ៊ុន សែន ក្នុងការទិញយកមន្ទីរពេទ្យឯកជនស្រ្តី «នគរទេព» មកធ្វើជាមន្ទីរពេទ្យរដ្ឋ មានឧកញ៉ាមួយចំនួនក្នុងស្រុក មន្ត្រីរាជការការ ប្រជាពលរដ្ឋ បានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការទំនុកបម្រុងដល់រដ្ឋាភិបាល ដើម្បីទិញយកមន្ទីរពេទ្យហ្លួងម៉ែ៕