អ្នកឧកញ៉ា គួច ម៉េងលី៖ អ្នកប្រឡងបាក់ឌុបជាប់ថ្មីៗ សូមកុំរៀនច្រើនជំនាញក្នុងពេលតែមួយ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន ម៉េងលី ជេគូច អេឌូខេសិន បានលើកឡើងថា អ្នកដែលទើបប្រឡងបាក់ឌុបជាប់ថ្មីៗ បើចូលរៀនមហាវិទ្យាល័យសុំៗកុំរៀនច្រើនជំនាញក្នុងពេលតែមួយ។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ការរៀនជំនាញក្នុងពេលតែមួយវាធ្វើឲ្យចេះជំនាញទាំងនោះមិនច្បាស់លាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ដែលកំពុងឈរជើងក្នុងវិស័យអប់រំនៅកម្ពុជាចាស់វស្សាបានគូសបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន មានសិស្សមួយចំនួនពេលមកដាក់ពាក្យចូលធ្វើការនៅក្រុមហ៊ុនរបស់លោកៗបានពិនិត្យឃើញថា មាននិស្សិតខ្លះមានសញ្ញាបត្រកម្រិតបរិញ្ញារហូតទៅដល់បីក្នុងពេលតែមួយ។

អ្នកឧកញ៉ា គួច ម៉េងលី ថ្លែងក្នុងន័យដើមថា៖ “សម្រាប់អ្នកដទៃគេប្រហែលជានឹងសរសើរចំពោះក្មួយដែលរៀនបានសញ្ញាបត្រច្រើន តែសម្រាប់ខ្ញុំ ខ្ញុំមិនយល់ស្របនឹងគំនិតនេះទេ ហើយខ្ញុំក៏មិនបានបដិសេធឬក៏មិនឲ្យតម្លៃទៅលើសញ្ញាបត្រនេះទេ ប៉ុន្តែខ្ញុំយល់ថាការដែរមានសញ្ញាបត្រច្រើនក្នុងពេលតែមួយវាមិនមែនជារឿងល្អប៉ុន្មាននោះទេ ព្រោះថាយើងនឹងមិនមានចំណេះដឹងពេញលេញទៅលើជំនាញដែរយើងបានសិក្សានោះទេ”

ទន្ទឹមនឹងនោះ អ្នកឧកញ៉ាក៏បានស្នើថា បើសិស្សប្រឡងបាក់ឌុបរួចហើយ មិនថាធ្លាក់ឬក៏ជាប់ទេ គួរតែបន្ដរៀននៅថ្នាក់មហាវិទ្យាល័យបន្ដទៀត ប៉ុន្ដែកុំបន្ដរៀននៅថ្នាក់ទី ១២ឡើងវិញទៀត ព្រោះវាធ្វើឲ្យយើងខាតពេលវេលាឬខាតឆ្នាំ ហើយក៏កុំរៀនច្រើនជំនាញឬច្រើនសញ្ញាបត្រក្នុងពេលតែមួយដូចគ្នា ព្រោះការរៀនច្រើនជំនាញឬច្រើនសញ្ញាបត្រក្នុងពេលតែមួយ អាចធ្វើឲ្យសិស្សរៀនមិនបានជ្រៅជ្រះ ឬមិនបានឆ្អិនល្អ គឺស្មើនឹងរៀនយកតែសញ្ញាបត្រឬយកលុយទៅទិញសញ្ញបត្រ។

អ្នកឧកញ៉ាបានបន្ដទៀតថា៖ “បើក្មួយៗរៀននៅថ្នាក់មហាវិទ្យាល័យទៅលើជំនាញអ្វីមួយ សុំក្មួយត្រូវរៀនលើជំនាញដែរយើងចង់រៀននោះអោយបានឆ្អិនល្អ ពីថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់និងបរិញ្ញាបត្របណ្ឌិត គឺមានន័យថាបើក្មួយរៀនជំនាញណាមួយក្មួយត្រូវរៀនជំនាញនោះតែមួយបានហើយ គឺត្រូវរៀនបន្ដរហូតដល់ថ្នាក់បណ្ឌិត។ ហើយក្មួយៗមិនគួររៀនបែបច្បោលៗដូចជារៀនជំនាញនេះមិនទាន់ចប់ផងទៅរៀនជំនាញមួយផ្សេងទៀត បើនៅបរទេសឬប្រទេសជឿនលឿនវិញគេមិនអោយតម្លៃទេ គេថាយើងរៀនចង់បានតែសញ្ញាបត្រ”