អ្នកឧកញ៉ា គិត ម៉េង ទទួលជាប្រធានដឹកនាំពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ស្របពេលបញ្ហាប្រឈមកាន់តែក្តៅគគុកក្នុងតំបន់

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសប្រ៊ុយណេ ផ្ទេរភារកិច្ចជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី ៩១ មកកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃពុធ ទី២៦ ខែមករានេះ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលភារៈជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២២ បន្តវេនពីលោកស្រី យ៉ានទី ជាប្រធានដំណាងប្រទេសប្រ៊ុយណេ ដែលទើបបញ្ចប់អណត្តិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពេលផ្ទេរតំណែងនេះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ការទទួលតំណែងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននាពេលនេះ ស្ថិតក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចអាស៊ាននិងពិភពលោកកំពុងប្រឈមផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ ដែលស្ថានភាពនេះតម្រូវឲ្យរដ្ឋសមាជិកអាស៊ានទាំងអស់ធ្វើការរួមគ្នាជាមួយវិស័យឯកជន ឲ្យកាន់តែជិតស្និទ្ធនិងកាន់តែខ្លាំងក្លាជាងមុន ឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចឡើងវិញ។

បើតាមអ្នកឧកញ៉ា ស្របតាមមូលបទរបស់រាជរដ្ឋាភិបាល អាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានកំណត់ទិសដៅអាទិភាព និងកម្មវិធីចម្បងៗរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់មូលបទនេះ។

ទន្ទឹមនឹងនោះ សម្រាប់អណត្តិថ្មីឆ្នាំ ២០២២ ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត បានកំណត់យកមូលបទ «ការតភ្ជាប់អាស៉ីខាងកើត សម្រាប់ការស្តារក្នុងតំបន់ប្រកបដោយថាមពល បរិយាបន្ន និងចីរភាព» និងបានដាក់ចេញនូវកម្មវិធីគាំទ្រចម្បងៗចំនួនបី រួមមានទី១ ការកែសម្រួលវិសាលភាពពាណិជ្ជកម្មក្នុងតំបន់ តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការផ្សព្វផ្សាយអំពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងដើរតួជាយន្តការក្នុងការស្តារសេដ្ឋកិច្ច និងធុរកិច្ចក្នុងតំបន់អាស៉ីខាងកើត ទី២ ការឆ្លើយតបនឹងវិបត្តិកូវីដ១៩ តាមរយៈផលចំណេញពីប្រសិទ្ធភាព និងផលិតភាពនៃនវានុវត្តន៍ឌីជីថលសម្រាប់វិស័យធុរកិច្ចក្នុងតំបន់ និងទី៣ ការកសាងឡើងវិញនូវខ្សែរច្រវាក់ផលិតកម្មតំបន់ដែលធន់នឹងវិបត្តិ និងស្តារឡើងវិញនូវការធ្វើដំណើរឆ្លងដែនដោយសម្រាប់ធុរកិច្ចដោយរលូន និងប្រកបដោយសុវត្ថិភាព ស្របពេលជាមួយគ្នានោះ ក៏ជួយជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងសកម្មភាពធុរកិច្ច។

យ៉ាងណាក៏ដោយ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានឆ្នាំ២០២២ នេះ ក៏បានស្នើទៅសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតទាំង១៣ប្រទេស បន្តគាំទ្រ និងចូលរួមចំណែក អនុវត្តកម្មវិធីអាទិភាពនានារបស់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ស្របតាមមូលបទដែលបានកំណត់ដើម្បីប្រយោជន៍រួម។

ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតនេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដាក់ជូនប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ដើម្បីពិនិត្យ និងពិចារណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនទាំងធុរកិច្ចនិងវិនិយោគ រវាងប្រទេសសមាជិក អាស៊ាន ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី៕