រោងចក្រ​ផលិតផលបេតុង​​កៅស៊ូ​អ៊ុត​ថ្នល់លើក​ដំបូង​នៅ​ស្រុក​ខ្មែរ បាន​បញ្ចប់​ការ​សាងសង់​

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនបាន​បញ្ជាក់ថា ​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ (ASPHALT CONCRETE PLANT) លើក​ដំបូង បាន​បញ្ចប់ការ​សាងសង់​នៅ​ខេត្ត​កំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ (ASPHALT CONCRETE PLANT) ទីមួយនេះ នឹង​ជួយ​​គាំទ្រ​ក្នុង​ការ​លើក​កម្ពស់​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ទូទាំង​ប្រទេស​កម្ពុជា។

ថ្លែងនៅព្រឹកនេះ​ឯកឧត្តម​ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនបានថ្លែង​​ថា ពេល​មាន​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ដោយ​ខ្លួន​ឯង​ ​យើង​អាច​គ្រប់គ្រង​គុណភាព​ ម្ចាស់​ការ​លើ​ប្រើប្រាស់ មិន​បាច់​នាំ​ចូល​ពី​ក្រៅ​ទៀត​ទេ។ គុណប្រយោជន៍គឺ​ជួយ​ដល់​​ការងារ​ជួសជុលថែទាំ សាងសង់ផ្លូវថ្នល់ឱ្យមានគុណភាព ប្រើប្រាស់បានយូរអង្វែង និង​ចំណេញ​ថវិកា​ជាតិ​។

បើតាមលោក​រដ្ឋមន្រ្តី ក្រោយ​រោងចក្រ​នេះដំណើរការ ផ្លូវជាតិ​ទូទាំំងប្រទេស​នឹង​ប្រែក្លាយ​ពី​ DBST ទៅជា​កៅស៊ូ AC ដែលផ្តល់​តម្លៃ​សេដ្ឋកិច្ច​ក្នុងការ​ដឹក​ជញ្ជូន កាត់បន្ថយ​លុយជាតិ​ក្នុង​ការ​ថែទាំ និងធានាការ​ប្រើប្រាស់​បាន​យូរ​ឆ្នាំ។

កម្ពុជា​​មានវត្ថុធាតុដើម​​ដូចជា ថ្ម ខ្សាច់មាន​នៅ​ក្នុង​ស្រុក ហើយ​ការ​មានរោងចក្រ​នេះ​កម្ពុជា​នឹង​​កាត់បន្ថយ​តម្លៃ​ក្នុង​ការនាំ​ចូលបេតុងកៅស៊ូពីក្រៅប្រទេស អាច​បំពេញ​តម្រូវការទាន់​ពេល​វេលា។

បើ​តាម​លោក​រដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល ក្រសួងសាធារណការ​គ្រោង​​បង្កើត​រោងចក្រ​ផលិត​បេតុង​កៅស៊ូមួយ​ទៀត នៅ​ខេត្ត​បាត់ដំបង ដែល​តំបន់នោះកំពុង​មាន​ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ដូចជា​គម្រោងផ្លូវជាតិ​លេខ ៥ ក៏ដូចជា​​ផ្លូវជាតិ​ជា​ច្រើន​ទៀត​​ដែលនឹង​ត្រូវ​កែ​សម្រួលពី DBST មក AC៕