Bentley  ត្រៀមបោះលុយជាង ៣ ពាន់លានដុល្លារ ផលិតរថយន្តអគ្គិសនីពេញលេញដំបូងរបស់ខ្លួននៅឆ្នាំ ២០២៥

អន្តរជាតិ

ក្រុមហ៊ុនផលិតថយន្តដ៏ប្រណីតបំផុតរបស់អង់គ្លេស Bentley បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីពេញលេញជាលើកដំបូង នៅក្នុងឆ្នាំ ២០២៥ ស្របពេល Volkswagen AG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធវិញ ក៏នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីពេញលេញរបស់ខ្លួន នៅក្នុងឆ្នាំ ២០៣០ ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុន Bentley ក៏បានធ្វើការបេ្តជ្ញាចិត្ត ក្នុងការវិនិយោគជាមួយទំហំទឹកប្រាក់ប្រមាណ ២,៥ ពាន់លានផោន ឬ ៣,៤ ពាន់លានដុល្លារអាមេរិក ក្នុងការបោះជំហានទៅលើវិស័យអាជីវកម្មថ្មី ដែលកំពុងតែមានភាពរីកចម្រើនខ្លាំងមួយនេះ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តខាងលើ បាននិយាយទៀតថា ខ្លួននឹងកំណត់រចនាសម្ព័ន្ធរោងចក្ររបស់ខ្លួន នៅទីក្រុង Crewe ក្នុងប្រទេសអង់គ្លេស ដើម្បីផលិតរថយន្តប្រភេទថ្មីនេះ ។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ចំពោះរូបរាងនៃរថយន្តអគ្គិសនីដំបូងបំផុត របស់ពួកគេនៅឡើយនោះទេ ។

គួរឱ្យដឹងផងដែរថា នៅទូទាំងឧស្សាហកម្មរថយន្តទាំងមូល ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន បាននឹងកំពុងតែដាក់ចេញនូវផែនការ ដើម្បីងាកមកចាប់យកការផលិតរថយន្តអគ្គិសនីវិញ បន្ទាប់ពីរថយន្តដែលប្រើប្រាស់ប្រេងឥន្ធន:នឹងត្រូវបានការហាមឃាត់នាពេលអនាគត ដូច្នេះហើយទើបបានជាជំរុញឱ្យពួកគេ ត្រូវធ្វើការវិនិយោគដ៏ធំ ទៅលើបច្ចេកវិទ្យាថ្មី ។

សូមបញ្ជាក់ផងដែរថា កាលពីដើមខែនេះ Bentley បាននិយាយថា ខ្លួនបានឈានដល់កំណត់ត្រាមួយផ្សេងទៀត នៅឆ្នាំ ២០២១ ដោយសារតែការលក់រថយន្តរបស់ខ្លួន នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១% ចំពេលកំពុងមានតម្រូវការខ្លាំង សម្រាប់ប្រភេទរថយន្តប្រណីតៗ ៕

ប្រភព: CNA