អារ៉ាបីសាអូឌីត គ្រោងរៀបចំគម្រោងផ្លាស់ប្តូរទស្សនកិច្ចមកកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងរៀបចំគម្រោងផ្លាស់ប្ដូរទស្សនកិច្ចជាមួយកម្ពុជា ខណៈនៅឆ្នាំកន្លងទៅ គណៈប្រតិភូជាថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត មានបំណងផ្លាស់ប្ដូរទស្សនកិច្ចមកកាន់កម្ពុជា ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានធ្វើឱ្យគម្រោងនៃការផ្លាស់ប្ដូរនោះត្រូវលើកពេល។ នេះបើតាមការឲ្យដឹងរបស់លោក Saud F.M Al Suwelim ឯកអគ្គរាជទូតថ្មីនៃប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នាវិមានរដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people, people standing and indoor

លោក Al Suwelim មានជំនឿជឿជាក់ថា ប្រសិនបើគម្រោងផ្លាស់ប្ដូរទស្សនកិច្ចនេះអាចកើតឡើង គឺពិតជាមានសារៈសខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសពីរ ទាំងលើទំនាក់ទំនងវិស័យពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខដែលស្ថិតក្រោមសត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងសង្ឃឹមជឿជាក់ដែរថានឹងមានការផ្លាស់ប្ដូរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដោយសម្ដេចបានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រោះការងារនេះសម្ដេចចាត់ទុកថាពិតជាមានសារៈសំខាន់ ពិសេសប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសមួយមានការរីកចំរើន ដែលកម្ពុជាជាប្រទេសកំពុងភិវឌ្ឍន៍ និងបានរួចផុតពីសង្គ្រាម ពិតជាត្រូវការចាំបាច់នូវដៃគូដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនផងដែរ។

សម្ដេច ស ខេង គូសបញ្ជាក់បន្ថែមថា តាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់នេះ នឹងបង្កើត ព្រមទាំងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ទាំងលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ រួមទាំងវិស័យនៃកិច្ចសហប្រតិបត្តិការ ជាពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។

សូមរំលឹកថា មកដល់ពេលនេះ ពុំទាន់មានស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជានោះទេ ពោលគឺមានតែនិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម៕