សម្តេច ហ៊ុន សែន អះអាងថាការអភិវឌ្ឍបច្ចុប្បន្នវាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគតនឹងកាន់តែរីកដុះដាលល្អច្រើនថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករាម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន បង្ហាញទិដ្ឋភាពពីការ
អភិវឌ្ឍន៍សេដ្ឋកិច្ច អាគារពាណិជ្ជកម្មមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា ថតពីលើអាកាសនៅក្នុងខែមករា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។ សម្តេចបន្តថា តាមរយៈទិដ្ឋភាពនេះ បានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។

ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីផ្ទាល់ និងសហការី។

សម្តេចបញ្ជាក់ថា ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចម្រេីនខ្លាំងថែមទៀត។

សូមជម្រាបជូនថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០២១​កន្លងទៅ ​មានលក្ខណៈ​ល្អប្រសើរ​ជាង​ការរំពឹង​ទុក​ ខណៈ​រដ្ឋាភិបាល​បាន​ព្យាករ​កន្លង​ទៅក្នុង​កំរិត​ ២,៤%​ ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹងវិល​ទៅរក​៧%​ ដូច​ដើមវិញ​នៅឆ្នាំ២០២៤។​ នេះបើតាមការញ្ជាក់​ដោយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ នៅក្នុង​សន្និសីទ​កាសែត​មួយ កាលពីដើមខែធ្នូឆ្នាំ២០២១ ស្តីពី​«យុទ្ធសាស្ត្រ​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្នុង​ការរស់​នៅ​ជាមួយ​ជំងឺ​កូវីដ-១៩​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​»​ ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល។​

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនល្អប្រសើរចាប់ពីពេលនេះទៅ គឺដោយសំអាងទៅលើកត្តាមួយចំនួន ដូចជាកត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា មិនមានភាពថមថយ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀតដែរ ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញកន្លងមក។

តួលេខរយៈពេល១១ខែឆ្នាំ២០២១កន្លងទៅ បង្ហាញថាវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមានកំណើន ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម១០%ប៉ុណ្ណោះ។ រីឯការនាំចេញទំនិញមិនមែនកាត់ដេររយៈពេល១១ខែដែរ គឺមានការកើនឡើងប្រមាណ៥៣%។

ជាមួយគ្នានេះ ការនាំចេញវិស័យកសិកម្ម ក៏មានការកើនឡើងច្រើនដែរ ដែលវិស័យកាត់ដេរ និងវិស័យកសិកម្ម បានដើរតួនាទីសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ខណៈវិស័យអចលនទ្រព្យត្រូវបានវាយតម្លៃថាមិនមានឧបសគ្គធ្ងន់ធ្ងរ ដោយសារនៅតែមានសកម្មភាពទិញ លក់ ជាធម្មតា៕