ធនាគារ FTB បន្ថែមទុន ១០លានដុល្លារដើម្បីឲ្យអ្នកឧកញ៉ា ពុង ឃាវសែ ប្រើប្រាស់សម្រាប់គម្រោងព្រលានយន្តហោះ

សង្គម​និង​សេដ្ឋកិច្ច

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB បានបន្ថែមទុនចំនួន ១០លានដុល្លារអាមេរិក ទៅឱ្យក្រុមហ៊ុន Cambodia Airport Investment Co., Ltd ហៅកាត់ CAIC ដើម្បីប្រមូលទុនយកទៅប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅខេត្តកណ្តាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបន្ថែមទុនវិនិយោគនេះ ចំនួន ១០លានដុល្លារអាមេរិកនេះ ធ្វើឱ្យទំហំវិនិយោគរបស់ធនាគារ FTB មានទឹកប្រាក់សរុប ៣០លានដុល្លារ ខណៈពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា តម្លៃ ២០លានដុល្លារ ត្រូវបានធ្វើឡើងដំណាងដោយឧកញ៉ា វ៉ាន់ ឆាល នាយកប្រតិបត្តិក្រុមហ៊ុន CAIC និងលោកឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ។

គម្រោងព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ គិតមកដល់ពេលនេះ សម្រេចការសាងសង់បានប្រមាណជាង៣០%ហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។

អាកាសយានដ្ឋាននេះ មានគ្រោងចាយទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក៕