ផ្សារទំនើប អ៊ីអន ម៉ល បន្ថែមផ្ទាំងកញ្ចក់សូឡាដើម្បីស្រូបយកថាមពលអគ្គិសនីមកប្រើប្រាស់

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន អ៊ីអន ម៉ល គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបធំមួយរបស់ប្រទេសជប៉ុន ដែលបានដំណើរការផ្សារទំនើបច្រើនជាង ១៨០ នៅទូទាំងប្រទេសជប៉ុន ចិន និងអាស៊ាន។ ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ក្រុមហ៊ុនជប៉ុន អ៊ីអន ម៉ល ខេមបូឌា បានបន្ថែមការប្រើប្រាស់ផ្ទាំងកញ្ចក់សូឡាដើម្បីស្រូបយកថាមពលអគ្គិសនី ចំនួន ២មេហ្កាវ៉ាត់ (MW) ខណៈកន្លងមកក្រុមហ៊ុនបានដំឡើងចំនួន ១មេហ្កាវ៉ាត់រួចមកហើយ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of outdoors

បើតាមក្រុមហ៊ុន អ៊ីអន ម៉ល ការដំឡើងផ្ទាំងសូឡាបន្ថែមនេះ មានគោលបំណងចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជួយដោះស្រាយបញ្ហាកង្វះថាមពល ដោយសារតែតម្រូវការថាមពលអគ្គសនីមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេស។

លើសពីនេះ ការដំឡើងផ្ទាំងសូឡានេះ ក៏បានរួមចំណែកការផលិតថាមពលកកើតឡើងវិញ និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2)។ ទន្ទឹមនឹងនោះក្រុមហ៊ុន ក៏មានគម្រោងបង្កើននូវផ្ទាំងកញ្ចក់សូឡា នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមគម្រោងជួសជុល និងពង្រីកបន្ថែម។

May be an image of indoor

ក្រោយដំឡើងផ្ទាំងសូឡារួចរាល់ ក្រុមហ៊ុន អ៊ីអន បានបង្ហាញនូវក្តីសង្ឃឹមថា សកម្មភាពនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)។

កាលពីពេលកន្លងទៅ ក្រសួងរ៉ែ និងថាមពល បានពិនិត្យលើបទបញ្ញាតិស្តីពីការដំឡើងផ្ទាំងសូឡា ឬថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលអគារលំនៅដ្ឋាន និងខុនដូ ដើម្បីភ្ជាប់ចូលបណ្តាញជាតិ សល់ពីការប្រើប្រាស់ផ្ទាល់ខ្លួន។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការដំឡើងផ្ទាំងសូឡាលើដំបូលអគារស្នាក់នៅ និងអគារខុនដូរ គឺមានសារសំខាន់ ក្នុងការប្រើប្រាស់នៅក្នុងអគារផង និងសម្រាប់លក់ទៅឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាផង ក្រោយពីសល់នៃការប្រើប្រាស់។

May be an image of 1 person and indoor

គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅ បង្កើនការផលិតថាមពលស្អាត ឬថាមពលបៃតង ពីគ្រប់ប្រភពថាមពលកកើតឡើងវិញ ដើម្បីនិរន្តភាពនៃការផ្គត់ផ្តង់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រសួងព្យាករណ៍ថា គិតត្រឹមឆ្នាំ២០២២ ថាមពលអគ្គិសនី ប្រមាណជា៤១០ មេហ្គាវ៉ាត នឹងត្រូវផលិតចេញពីប្រភពថាមពលសូឡា៕