ឆ្នាំ២០២១ មានពលរដ្ឋស្នើសុំដោះស្រាយបញ្ហាជាង ១ពាន់គណនី តាមរយៈផេកសម្តេចក្រឡាហោម ស ខេង

សង្គម​និង​សេដ្ឋកិច្ច

ឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះ​ស្រាយ​ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន​ ១.៥៩២គណនី។ ក្នុងនោះ ចំនួន ៥៣៦គណនី ត្រូវបានដោះស្រាយ និង ៦៥៥ គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងចំណោម ១.៥៩២គណនី ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបង្វែរទៅស្ថាប័នមានសមត្ថកិច្ចផងដែរ។

បើតាមសម្តេចក្រឡាហោម វឌ្ឍនភាពការងារនេះ អាចសម្រេចបាន​ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុកលោកផ្ទាល់។

ជាមួយគ្នានេះ សម្តេច បានលើកឡើងថា ការដោះស្រាយបញ្ហាតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច​ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។

ទន្ទឹមនឹងនោះ សម្តេចក៏សូមឲ្យមានការយល់យោគអធ្យាស្រ័យ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕