ប្រធានអាស៊ាន បង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនានាក្នុងប្រទេសមីយ៉ាន់ម៉ា ដោយស្នើឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

នៅយប់ថ្ងៃពុធ ទី២ មករានេះ ប្រធានអាស៊ានបានសេចក្តីថ្លែងការណ៍កម្រាស់ពីរទំព័រ ស្តីពីស្ថាននៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ចាត់សកម្មភាពជាក់លាក់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីឆ្នាំ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍បញ្ជាក់ថា អស់រយៈពេល១ឆ្នាំមកហើយ ប្រទេសជាសមាជិកអាស៊ាន នៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយការណ៍នៃការបន្តកើតមាននូវអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌។

មេដឹកនាំ​យោធា​ភូមា​យល់​ព្រម​អនុវត្ត​តាម​គោលការណ៍​ ៥​ចំណុច​របស់​អាស៊ាន —  ខ្មែរ

តាមរយៈសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៅពេលនេះ គឺរំលឹកឡើងវិញពីកិច្ចខិតខំប្រឹងប្រែងដ៏ម៉ត់ចត់ដើម្បីជួយដោះស្រាយវិបត្តិរួមទាំង ដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រទេសជាសមាជិកអាស៊ាន សូមជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ឱ្យចាត់សកម្មភាពជាក់លាក់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច បានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ដដែល បានគូសបញ្ជាក់អំពីភាពប្រញាប់ប្រញាល់នៃការបញ្ចប់អំពើហិង្សាជាបន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់យកភាពអត់ធ្មត់ឱ្យខ្ពស់បំផុត ក៏ដូចជាការធានាបាននូវការចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាននៃគោលការណ៍មនុស្សធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និងឯករាជ្យ។ ក្នុងន័យនេះ វាមានសារសំខាន់ណាស់សម្រាប់គ្រប់ភាគីទាំងអស់ក្នុងការលើកកម្ពស់លក្ខខណ្ឌអំណោយផលមួយសម្រាប់កិច្ចសន្ទនាប្រកបដោយការស្ថាបនាមួយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីមួយចំពោះវិបត្តិនាពេលបច្ចុប្បន្ន សម្រាប់ប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងសំដៅធ្វើឱ្យស្ថានភាពត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័ស និងដើម្បីទប់ស្កាត់ការអូសបន្លាយនៃទុក្ខវេទនារបស់ប្រជាជនមីយ៉ាន់ម៉ា។

ដើម្បីសម្រេចគោលបំណងនេះ ប្រទេសជាសមាជិកអាស៊ាន បានតែងតាំងឧបនាយករដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងសូមអំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ាជួយសម្រួលដល់បេសកកម្មនានានៃប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលនឹងចាប់ផ្តើមជាមួយដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់មីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់ដែលអាចធ្វើបាន និងដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើឱ្យការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលអាចបោះជំហានទៅមុខ។

ប្រទេសជាសមាជិកអាស៊ាន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន និងការត្រៀមលក្ខណៈរួចរាល់ដើម្បីជួយដល់មីយ៉ាន់ម៉ា ស្របតាមឆន្ទៈនៃប្រជាជនមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងធម្មនុញ្ញអាស៊ាន ជាមួយការយល់ឃើញថា សន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែងអាចសម្រេចទៅបាន លុះត្រាណាដំណោះស្រាយនយោបាយនោះប្រកបដោយបរិយាប័ន្ន ជាដំណោះស្រាយដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ និងដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕