បុគ្គលិកក្រុមហ៊ុនអ្នកឧកញ៉ា ចេន ហ្ស៊ី ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ប្រកួតរចនានិមិត្តសញ្ញាអាស៊ាន ឆ្នាំ២០២២

ជុំវិញ​ឧកញ៉ា

កម្ពុជាបានក្លាយជាប្រធានអាស៊ានផ្លូវការលើកទី៣ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ខណៈកាលពីចុងខែតុលា ឆ្នាំ២០២១កន្លងទៅ ប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះនោះ បានប្រគល់ញញួរដើម្បីធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាឆ្នាំ២០២២ មកឱ្យកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
កម្ពុជា បង្ហាញនិមិត្តសញ្ញាអាស៊ាន ក្រោយទទួលញញួជាប្រធានពេញមួយឆ្នាំ

នេះជាកិច្ចការទទួលធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នៅក្នុងតំបន់លើកទី៣ហើយសម្រាប់កម្ពុជា ក្រោយក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ លើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២។ សម្តេច ហ៊ុន សែន បានអះអាងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។

ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានលាតត្រដាងនិងបង្ហាញនិមិត្តសញ្ញាក្នុងនាមខ្លួនជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២នេះ។ មុនមាននិមិត្តសញ្ញាផ្លូវការ ក្រសួងការបរទេសបានប្រកាសជ្រើសរើសអ្នករចនានិមិត្តសញ្ញាអាស៊ានឆ្នាំ២០២២ នៅពេលនោះមាននិស្សិត បុគ្គលិកតាមបណ្តាក្រុមហ៊ុនចូលរួមប្រកួតប្រជែងរចនានិមិត្តសញ្ញាជាប្រវត្តិមួយនេះ។

ជាលទ្ធផល បុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន នៅឆ្នាំ ២០២២នេះ។

ព្រីនស៍ ហូលឌីង គ្រុប ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំមួយនៅកម្ពុជា កញ្ញា ឈុត​ ចិន្តា ជាបុគ្គលិកសញ្ជាតិខ្មែរនៃក្រុមហ៊ុនព្រីនស៍ រៀល អុីស្ទេត បានទទួលនូវជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញានៃ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដែលការប្រកួតប្រជែងនេះមានការរៀបចំដោយក្រសួងការបរទេស។ កញ្ញាចិន្តា គឺជាបុគ្គលិកមួយរូប ក្នុងចំណោមបុគ្គលិកដែលបាន​ចូលរួមចំនួន ៤រូបរបស់ក្រុមហ៊ុន ព្រីនស៍។

អ្នកឧកញ៉ា ចេន ហ្ស៊ី – DAP News

សម្រាប់​ជ័យ​លាភីនេះ កញ្ញាចិន្តា ​បាន​ទទួលនូវ​រង្វាន់​​ជា​សាច់​ប្រាក់ចំនួន ​៤​ លានរៀល ពីក្រសួងការបរទេស។ ទន្ទឹមនឹងនោះ ដើម្បីទទួលស្គាល់ពីការខិតខំ​ប្រឹងប្រែង​និងស្នាដៃរបស់គាត់ ថ្នាក់គ្រប់គ្រងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប​ បានសម្រេចផ្តល់ប្រាក់រង្វាន់​បន្ថែមជូនដល់កញ្ញាចិន្តា នូវចំនួនដូចគ្នាទៅនឹងប្រាក់រង្វាន់ដែលក្រសួងបានផ្តល់ជូនគាត់ផងដែរ។ ចំណែកឯ បុគ្គលិកដែលបានចូលរួម​ចំនួនបីរូប​ផ្សេងទៀត ​ក៏​បាន​ទទួល​បាន​រង្វាន់​ជាការកោតសរសើរលើកទឹកចិត្ត​ផងដែរ។

ក្រសួងការបរទេស បានបង្ហាញថា មូលបទរបស់ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ ចំណែកនិមិត្តសញ្ញា៖ ត្របកឈូកគឺជាទម្រង់ក្បាច់ខ្មែរ តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០បានខិតខំបង្កើតឡើង។ ពណ៌ទាំងបីនៅលើស្រទាប់របស់វា គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាសតំណាងឱ្យពណ៌ និង ភាពចម្រុះនៃអាស៊ាន។

ដោយឡែក សម្រាប់ស្មារតីស្នូល គឺ៖ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា។ ហើយគោលបំណងសំខាន់របស់អាស៊ាន គឺរក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់ និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។

ជាមួយគ្នានេះ អាស៊ាន ក៏បង្ហាញអំពីលទ្ធផលរំពឹងទុក រួមមាន៖ សេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗទាំងអស់។ អាស៊ាន បានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវ ហើយយើងនឹងបំពេញតួនាទីនេះដោយមោទនភាពបំផុត៕