មន្រ្តីជាន់ខ្ពស់នៃក្រសួងលោកស្រី ម៉ែន សំអន ស្នើឲ្យមន្ត្រីជំនាញបន្តចុះស៊ើបអង្កេតបញ្ហាព្រៃលិចទឹក និងអង្គភាពណាដែលចំណាយថវិការដ្ឋច្រើន

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ណែនាំឱ្យមន្ដ្រីជំនាញបន្ដចុះធ្វើអធិការកិច្ច លើបញ្ហាការទន្រ្ទាន់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប និងបញ្ហាការចំណាយថវិការដ្ឋច្រើនទាក់ទងនឹងអំពើពុករលួយនាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈនេះ លោក  ឆេង សារឿន រដ្ឋលេខាធិការនៃក្រសួងនេះ បានស្នើឱ្យមន្ដ្រីជំនាញ ត្រូវបន្ដចុះធ្វើអធិការកិច្ច ពិសេសមន្ទីរអធិការកិច្ច លើបញ្ហាព្រៃលិចទឹកនៅតាមដងទន្លេសាប និងបញ្ហាហានិភ័យចំពោះអង្គភាពណាដែលចំណាយថវិការដ្ឋច្រើនទាក់ទង និងអំពើពុករលួយ និងការកិបកេងប្រវ័ញ្ច។

ជុំវិញបញ្ហាទាក់ទងនឹងតំបន់ទន្លេសាប កាលពីចុងឆ្នាំ២០២១កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បើក​យុទ្ធនា​ការ​បង្ក្រាប​បទល្មើស​នៅ​តំបន់​ព្រៃ​លិចទឹក​ កំពុងតែធ្វើ​ឡើង​យ៉ាង​​ក្តៅគគុក។ នៅ​ខេត្ត​មួយ​ចំនួន  អាជ្ញាធរប្រើធម៌ក្តៅ ចាប់​​​ឃាត់ខ្លួនមនុស្ស​ និង​បញ្ចូនទៅ​តុលាការ ព្រោះតែ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ ក្នុង​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក។ នៅខេត្ត​ខ្លះទៀត​ អាជ្ញាធរ​និង​អ្នក​តំណាងរាស្ត្រ ប្រើធម៌​ត្រជាក់ ចុះ​សម្រប​សម្រួល ស្តាប់​សំណូមពរ និង​ធ្វើកិច្ចសន្យាព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ​។

តាមក្រុម​ស្រាវជ្រាវ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា ដឹកនាំដោយបណ្ឌិត សុខ ទូច ការ​ទន្ទ្រាន​ព្រៃលិចទឹក គឺធ្វើ​ឲ្យ​ខូច​ខាត​ដល់​​ប្រព័ន្ធ​ជីវចម្រុះ បំផ្លាញ​ព្រៃលិចទឹកជាជម្រ​មច្ឆាជាតិ​ ខូច​ធ្លាទឹក ផ្លូវទឹក​ និង ​បាត់ពូជត្រីកម្រ​ ជាដើម។

រដ្ឋាភិបាលកម្ពុជា​ បាន​ឲ្យ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​អង្កេត​ស្រាវជ្រាវ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក​ ឈួរ ច័ន្ទឌឿន ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ​និង​បញ្ជា​ឲ្យ​ដក​ហូត​ដី​រដ្ឋ​ចំនួន​២.១០០​ហិកតា។​ នេះ​បើ​យោង​តាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ចុះ​ថ្ងៃទី​៣​ខែ​ធ្នូ​ឆ្នាំ​២០២១។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា ​ឆ្នាំ​២០១១​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៦​ជុំវិញ​បឹង​ទន្លេសាប រួម​មាន​ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយមានជ័យ​ សៀមរាប​ និង​កំពង់ធំ។​

មាត្រា ​៣​នៃ​អនុក្រឹត្យ​នេះ​ចែង​ថា ​អាជ្ញាធរ​ខេត្ត​មាន​ភារកិច្ច​កាតព្វ​កិច្ច​និង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​ការ​ការពារ​និង​ការ​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ហើយ​ចំពោះ​ការ​បាត់បង់​ដែន​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​នៃ​ខេត្ត​ណា​គណៈ​អភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​រដ្ឋាភិបាល៕