ក្រសួងបើកគម្រោងថ្មីផ្តល់ផលចំណេញច្រើនដល់ SME នូវនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងដែន

សង្គម​និង​សេដ្ឋកិច្ច

គម្រោងថ្មីមួយឈ្មោះថា “គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME)” ត្រូវបានក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact Cambodia សហកាគ្នាដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃអង្គារ៍ ទី០៨ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ គូសបញ្ជាក់ថា ការសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោង SeT4SME និងបានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។

លោករដ្ឋមន្រ្តីបានលើកឡើងថា ការចុះអនុស្សរណៈនៃយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងគម្រោង Go4eCAM នៃក្រសួងពាណិជ្ជកម្ម និងគម្រោង SeT4SME នៃអង្គការ Swisscontact Cambodia ក្នុងការអនុវត្តគម្រោងថ្មីនេះ នឹងរួមចំណែកផ្តល់អត្ថប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើការនាំចេញ ព្រមទាំងអ្នកប្រើប្រាស់នៅទីផ្សារអន្តរជាតិតាមរយៈការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងដែន ដោយប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ការអនុវត្តគម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើឌីជីថលរូបនីយកម្ម ជាពិសេសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន។

យ៉ាងណា សម្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នេះជាជំហ៊ានថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍គោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្ម ស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដែលបានដាក់ចេញ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលថ្មីៗ កន្លងមកផងដែរ។

សូមជម្រាបជូនថា គម្រោង SeT4SME មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តនីតិវិធីគយសម្រាប់ការដឹកជញ្ជូន ដើម្បីបង្កើនឱកាសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន សម្រាប់សហគ្រាសធុនតូច និងធម្យមកម្ពុជា៕