លោក មួន ចេអ៊ីន កម្ពុជាជាប្រទេសទី១លើលោក ដែលកូរ៉េបានចុះហត្ថលេខាជាមួយ

សង្គម​និង​សេដ្ឋកិច្ច

លោក Moon Jae-In ប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា កម្ពុជា គឺជាអតិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធទៅនឹងការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ហើយកម្ពុជាគឺជាប្រទេសទី១ ដែលកូរ៉េបានចុះហត្ថលេខាជាមួយនេះ។ លោកលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី១០ កុម្ភៈនេះ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចចូលរួមកិច្ចប្រជុំសន្តិ

លោក មួន ចេអ៊ីន បន្តថា ប្រទេសទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អហើយយើងសង្ឃឹមថា នឹងបន្តធ្វើការជាមួយគ្នាបន្តទៀត ។
ថ្លែងក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅនេះ កម្ពុជាក៏បានបញ្ចប់នីតិវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា និងកូរ៉េ ផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោក៏ស្នើសុំឲ្យភាគីកូរ៉េជួយពន្លឿនការផ្ដល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។

សម្ដេចតេជោក៏បានស្នើឲ្យប្រធានាធិបតីកូរ៉េ មួន ចេអ៊ីន គាំទ្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងទៅនឹងរោងចក្រកែច្នៃមួយចំនួន និងគាំទ្រដល់រូបមន្ត១បូក មានន័យថា បើសិនជាក្រុមហ៊ុនកូរ៉េមានការវិនិយោគនៅថៃ និងវៀតណាមក៏អាចបន្ថែមការវិនិយោគនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បានស្នើឲ្យកូរ៉េមានការគាំទ្រ ក៏ដូចជាមានកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកកសិឧស្សាហកម្ម និងការកែច្នៃផលិតផល ដូចជាផលិតផលកសិកម្មជាដើម ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ ។

ជាមួយគ្នានោះផងដែរ សម្តេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងអំពីឱកាសល្អសម្រាប់អ្នកវិនិយោគ ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ក្នុងន័យនេះសម្តេចតេជោក៏បានស្នើឲ្យប្រធានាធិបតីកូរ៉េ ជួយជំរុញអ្នកវិនិយោគទុនពីប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប ប្រធានាធិបតីកូរ៉េ មួន ចេអ៊ីន បានមានប្រសាសន៍ថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយកំពុងតែបញ្ជូនទៅសភារបស់សាធារណរដ្ឋកូរ៉េ ដើម្បីផ្ដល់សច្ចាប័ន ដូច្នេះនីតិវិធីនេះបាននិងកំពុងបន្តនៅឡើយ។ ចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជានេះ លោកបន្ថែមថា កូរ៉េនឹងបន្តធ្វើការជាមួយនឹងកម្ពុជាជាបន្តទៀត។

បើតាមលោក មួន ចេអ៊ីន មានក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុន កំពុងតែវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីនេះ លោក សង្ឃឹមថា នឹងបន្តជំរុញ ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន ក្នុងការជំរុញវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរឡើង៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព