ទីក្រុងភ្នំពេញ និងទីក្រុង Metz របស់បារាំង គ្រោងចាប់ដៃគ្នាចងសម្ព័ន្ធមេត្រីភាព ដើម្បី​បាន​ផ្លាស់ប្ដូរ​បទពិសោធ

សង្គម​និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ និងទីក្រុង Metz របស់បារាំង គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានៅពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្រេចជាឯកច្ឆ័ន្ទ។ នេះបើតាមជំនួបរវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ អភិបាលក្រុងម៉េស Metz នៃប្រទេសបារាំង នៅក្រុងភ្នំពេញ កាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចពិភាក្សា​ការងារ​ចងសម្ព័ន្ធ​មេត្រី​ភាព​រវាង​ទីក្រុង Metz នឹង​រាជធានី​ភ្នំពេញ គឺដើម្បី​បាន​ផ្លាស់ប្ដូរ​បទពិសោធការងារ​មួយ​ចំនួន បង្កើន​ទំនាក់ទំនង​ល្អរវាង​ទីក្រុង​នឹងទីក្រុង ដើម្បី​ជំរុញ​ឱ្យ​វិស័យ​វប្បធម៌ ទេសចរណ៍ និង​វិស័យ​សំខាន់​ៗមួយ​ចំនួន​កាន់តែល្អ​ប្រសើរ​ឡើង។

បើតាមលោក ឃួង ស្រេង រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយនិងទីក្រុងជាច្រើន នៅក្នុងនោះមានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន ទីក្រុងនៅសហរដ្ឋអាមេរិក ទីក្រុងនៅប្រទេសថៃ និងប្រទេសវៀតណាមជាដើម។

លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ អភិបាលក្រុងម៉េស Metz លើកឡើងថា កម្ពុជានឹងប្រទេសបារាំង គឺជាប្រទេសដែលជាមិត្តភក្កិដ៏ស៊ីជម្រៅជាយូរមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ការធ្វើទំនាក់ទំនងរវាងទីក្រុងនិងទីក្រុង វានឹងធ្វើឲ្យកាន់តែស្គាល់គ្នាបានច្បាស់ ទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថានទឹកស្អាតនិងគមនាគមន៍ជាដើម។

លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា៖ “ទីក្រុងយើងទាំងពីរនិងចងសម្ព័ន្ធមេត្រីភាពនឹងគ្នានាពេលដ៏ខ្លីខាងមុខនេះ”។

គួររម្លឹកថា រាជធានីភ្នំពេញ ជាទីក្រុងរាជធានីដ៏សំខាន់តែមួយគត់របស់កម្ពុជា ដែលហ៊ុំព័ទ្ធដោយតំបន់ពាណិជ្ជកម្មធំៗ៕