GDP ពលរដ្ឋ​ខេត្ត​កំពង់ចាម​ម្នាក់​ទទួល​បាន​ជាង ១ ៦០០ ដុល្លារ អត្រា​ក្រីក្រ​ថយ​មក​ត្រឹម ១៣%

សង្គម​និង​សេដ្ឋកិច្ច

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ផលិតផល​សរុប​ពលរដ្ឋ​ខេត្ត​កំពង់ចាម (GDP) ម្នាក់ៗទទួលបាន​​ជាង ១ ៦៧៩​ដុល្លារ ធ្វើ​ឲ្យ​​អត្រា​នៃ​ភាពក្រីក្រ​ថយ​ចុះមក​ត្រឹម ១៣.២ភាគរយ​នៅ​ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ខ្លូត ផន ប្រធាន​ក្រុម​ប្រឹកក្សាភិបាល​ខេត្ត​កំពង់ចាម​បាន​ឲ្យដឹង​ថា សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម​ពឹងផ្អែកលើវិស័យ​សំខាន់ៗ​ចំនួន៣ គឺ​វិស័យកសិកម្ម សេវាកម្ម និងវិស័យសិប្បកម្ម ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រកប​មុខរបរកសិកម្មជាចម្បងស្មើនឹង ៦៦,២%, ឧស្សាហកម្ម​និង​សិប្បកម្ម ០,៦៧% និងសេវាកម្ម ៣៥,១៣%។

ខេត្តកំពង់ចាមមានផ្ទៃដី ៤.៥៤៨,០៩គីឡូម៉ែត្រការ៉េ មានសណ្ឋានដីចែកជាបីតំបន់ មាន​តំបន់ដងទន្លេ, តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប មាន​ព្រំប្រទល់​ខាងត្បូង​ជាប់ខេត្តកណ្តាល និង​ខេត្ត​ព្រៃវែង, ខាងកើត​ជាប់​ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ, ខាងជើងជាប់ខេត្តកំពង់ធំ, និងខាងលិចជាប់ ខេត្តកំពង់ឆ្នាំង។ ដង់ស៊ីតេប្រជាជន ២៤២នាក់/គ.ម២ ប្រជាជនមានអាយុ១៨ឆ្នាំឡើងចំនួន ៧៤៥.០៩២នាក់ ។

បើ​តាម​ជំរឿន​ឆ្នាំ​២០១៩ ខេត្ត​កំពង់ចាម​មាន​ប្រជាជន​សរុប ៨៩៥ ៧៦៣ នាក់។ ក្នុងឆ្នាំ២០១៩កន្លងមកនេះទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមសរុបប្រមាណ ៧.៦១៧.០៨២​លានរៀល (ប្រាំពីរលានប្រាំមួយរយដប់ប្រាំពីរពាន់ប៉ែតសិបពីរលានរៀលគត់) គិតជាដុល្លារ ១,៨៧១,៥០ លានដុល្លារ ស្មើនឹង៧,១%នៃសេដ្ឋកិច្ចជាតិសរុប។ កំណើនសេដ្ឋកិច្ចទទួលបានពីវិស័យកសិកម្ម ៣៨% សិប្បកម្ម ១៩% និង​សេវាកម្ម ៤៣%៕