សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើក្រសួងសេដ្ឋកិច្ច ឲ្យលុបចោលនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូល

សង្គម​និង​សេដ្ឋកិច្ច

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើសុំលុបចោលនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកប្រទេសកម្ពុជាដែលបានរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសំណើដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ការរៀបចំឲ្យមាននីតិវិធីដេញថ្លៃនាំចូលជ្រូករស់មកកម្ពុជានេះ ធ្វើឲ្យមានផលប៉ះពាល់ និងបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរដល់ អ្នកវិនិយោគ និងអ្នកចិញ្ចឹមជ្រូកក្នុងស្រុក។ ជាក់ស្ដែងក្នុងរយៈពេល៤ខែចុងក្រោយនេះប្រទេសកម្ពុជាមិនមានការនាំចូលជ្រូករស់ពីប្រទេសជិតខាងឡើយ តែកម្ពុជានៅតែអាចផ្គត់ផ្គង់ជ្រូករស់និងសាច់ជ្រូកបានគ្រប់គ្រាន់តាមតម្រូវការ។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានទទួលស្គាល់ថាតម្លៃជ្រូករស់ដែលបានលក់និងចែកចាយលើទីផ្សារអំឡុងឆ្នាំ២០១៩ និង២០២០ មានការកើនឡើងនូវតម្លៃលក់លើទីផ្សារពិតមែន ដោយសារមូលហេតុដោយសារថ្លៃដើមផលិតជ្រូករស់របស់កសិករឡើងថ្លៃជាកំហុគដោយជំងឺប៉េស្តជ្រូកអាហ្វ្រិក ធ្វើអោយខូចខាតផលិតកម្ម បង្កើនការចំណាយលើជីវសុវត្ថិភាព និងការគ្រប់គ្រង និងជំងឺកូវីដ១៩ ដែលថ្លៃដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវ គោក វត្ថុធាតុដើមឡើងថ្លៃខ្ពស់។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានស្នើសុំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ឈប់នីតិវិធីដេញថ្លៃនាំចូលជ្រូករស់ អោយងាកមកជួយជំរុញអោយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចូលរួមទប់ស្កាត់ ការនាំចូលសត្វរស់ខុសច្បាប់ សាច់សត្វបង្កក និងផលិតផលកែច្នៃមានដើមកំណើតពីសត្វ ដើម្បីជួយទប់ស្កាត់ជំងឺឆ្លង ដែនសត្វ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF) ដើម្បីរក្សាបាននូវស្ថេរភាពការផ្គត់ផ្គង់ជ្រូករស់ និងតម្លៃសាច់ជ្រូក លើទីផ្សារ។

គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីការផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ នោះគឺយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ត្រូវបានរៀបចំឡើង ក្នុងគោលបំណងការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ ( អ្នកហូបសាច់ជ្រូក)។ យន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជានេះ នឹងត្រូវបានយកមកអនុវត្តក្នុងករណី ដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ការរៀបចំយន្តការដេញថ្លៃនេះ គឺដើម្បីទាក់ទាញក្រុមហ៊ុន ចូលរួមឱ្យបានច្រើន ក្នុងការដេញថ្លៃការនាំចូលជ្រូករស់ សំដៅបង្កើនការប្រកួតប្រជែង និងធានាការផ្គត់ផ្គង់ជ្រូករស់ក្នុងកម្រិតថ្លៃមួយសមរម្យ៕