នាយករដ្ឋមន្ត្រីជប៉ុន ចង់ឲ្យជប៉ុន-កម្ពុជា មានទំនាក់ទំនងកាន់តែសុីជម្រៅ

សង្គម​និង​សេដ្ឋកិច្ច

លោក FUMIO Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានគូសរំលេចបន្ថែមអំពីសារៈសំខាន់ការប្រារព្ធខួបទី៧០ឆ្នាំ នៃចំណងការទូតផ្លូវការជប៉ុន-កម្ពុជា នៅឆ្នាំ២០២៣ ខាងមុខ ដោយបានសង្កត់ធ្ងន់ថា ខួបទី៧០ឆ្នាំនេះ នឹងជាឆ្នាំនៃការបន្តពង្រឹង ពង្រីក និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារួម លោកនាយករដ្ឋមន្ត្រីជប៉ុន ចាត់ទុកកម្ពុជាមិត្តដ៏ល្អ និងចង់ឱ្យជប៉ុន-កម្ពុជា មានទំនាក់ទំនងកាន់តែសុីជម្រៅ និងជាដៃគូក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួម។

ការគូសបញ្ជាក់របស់លោក FUMIO Kishida ធ្វើឡើងក្នុងជំនួបជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅការិយាល័យនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈនេះ ដែលជាថ្ងៃទី៣ នៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីការគាំទ្ររបស់ សម្តេចតេជោ ក្នុងការរៀបចំប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់កងស្វ័យការពារជើងគោកជប៉ុនក្នុងប្រទេសកម្ពុជានៅខេត្តព្រះសីហនុនាពេលខាងមុខ។ ក្នុងនោះ សម្តេចតេជោ ក៏ធ្លាប់បានមានប្រសាសន៍ផងដែរថា “គប្បីធ្វើយ៉ាងណាឱ្យខួបនេះក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ”។

បើតាមឧត្តមសេនីយ៍ផ្កាយ ៣ លោក ហ៊ុន ម៉ាណែត កម្ពុជាធ្លាប់ជាប្រទេសទទួលកម្លាំង PKO ក្នុងឆ្នាំ ១៩៩២-១៩៩៣ បច្ចុប្បន្ន កម្ពុជាជាប្រទេសចូលរួមចំណែកការពារថែរក្សាសន្តិភាព ដោយបានបញ្ជូនកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅកាន់បណ្តាប្រទេសនានាជាច្រើនដែលកំពុងមានជម្លោះ។

លើសពីនេះ លោកក៏បានបញ្ជាក់ផងដែរអំពីជំហររបស់កម្ពុជាក្នុងការខិតខំរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងណាឱ្យមានវិបុលភាពរួមសម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះលើឆាកអន្តរជាតិ កម្ពុជា-ជប៉ុន ជានិច្ចជាកាលតែងតែគាំទ្រគ្នាទៅវិញទៅមកជាប់ជាប្រចាំផងដែរ។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រសិនបើអាចនៅពេលអនាគត។

សម្រាប់ នាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់បន្ថែមរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការ PKO របស់ជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅកម្ពុជា ដែលជាប្រទេសគោលដៅទី១ ដោយនេះគឺជាការបង្ហាញឱ្យឃើញអំពីទំនាក់ទំនងដ៏រឹងមាំរវាងជប៉ុន-កម្ពុជា នៅក្នុងបុព្វហេតុសន្តិភាពសាកល ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ហ៊ុន ម៉ាណែត នាពេលនេះ ក៏ជាផ្នែកមួយនៃការប្រារព្ធខួបដ៏មានអត្ថន័យនេះផងដែរ៕