ក្រសួងវប្បធម៌ ធ្លាប់ច្រានចោលសំណើគម្រោងអភិវឌ្ឍន៍ “បឹងអឆ្ឆរិយៈអង្គរ” តម្លៃ ៣៥០លានដុល្លាររបស់ NagaCorp នៅសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ក្លងទៅ ធ្លាប់បានបញ្ជាក់ថា សំណើគម្រោងអភិវឌ្ឍន៍ «បឹងអច្ឆរិយៈអង្គរ» នៅក្នុងខេត្តសៀមរាបរបស់ក្រុមហ៊ុនណាហ្គាខប ឬ ណាហ្គាវើលដ៍ ពុំអាចអនុវត្តបានទេនៅក្នុងបរិបទនេះ។ ការបដិសេធនេះ គឺក្រោយពេលដែលក្រសួងវប្បធម៌ បានប្រជុំ និងស្ដាប់យោបល់ពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ក៏ដូចជាអ្នកជំនាញការ «Ad Hoc» និងអង្គការយូណេស្កូ។ កិច្ចប្រជុំនោះ បានបញ្ជាក់ច្បាស់ហើយថា គម្រោងនេះអាចមានផលប៉ះពាល់ដល់តំបន់រមណីយដ្ឋានអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនណាហ្គាវើលដ៏ ដែលជាក្រុមហ៊ុនកាស៊ីណូដ៏ធំជាងគេបំផុតនៅកម្ពុជា បានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្មីមួយនៅលើទឹកដីខេត្តសៀមរាប គឺគម្រោង Angkor Lake of Wonder ដែលមានន័យថា «បឹងអច្ឆរិយៈអង្គរ» ក្នុងទំហំទឹកប្រាក់ ៣៥០លានដុល្លារ នៅលើផ្ទៃដី ៧៥ហិកតា ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីតំបន់រមណីយដ្ឋានអង្គរ។

គម្រោងដដែលនេះ មានការរៀបចំជាសួនទឹក ផ្សាររាត្រី សណ្ឋាគារ ភោជនីយដ្ឋានជាដើម ដែលគ្រោងនឹងរួមចំណែកអភិវឌ្ឍន៍ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង។ ក្នុងគម្រោង​របស់ ណាហ្គាវើលដ៍ នេះ ក៏គ្រោង​បង្កើត​តំបន់​កម្សាន្ដ​មួយ ដែលមានឈ្មោះថា Siem Reap China Town ដែល​នឹង​មានការលក់​អាហារ​តាមផ្លូវ​ ការប្រគុំតន្ត្រី ការដើរទិញ​ទំនិញ រួមជាមួយ​នឹង​សួនច្បារ និងទឹក​ផងដែរ។

ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏ធ្លាប់ប្រកាសដែរថា គម្រោងនេះពុំមានបញ្ចូលល្បែងកាស៊ីណូឡើយ។

យ៉ាងណាក៏ដោយ កាលពីខែកុម្ភៈ ឆ្នាំ២០២១ អង្គការយូណេស្កូ (UNESCO) អះអាងក្នុងកិច្ចប្រជុំមួយថា អ្នកជំនាញក្នុងវិស័យអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបង្ហាញក្តីបារម្ភ និងជំទាស់ចំពោះគម្រោងសាងសង់រមណីយដ្ឋាន សិប្បនិមិត្តរបស់ក្រុមហ៊ុន ណាហ្គាខប ដែលមានទំហំ៧៥ ហិកតា មានទីតាំងស្ថិតនៅជិតតំបន់អង្គរ។

យូណេស្កូបញ្ជាក់ថា គម្រោងសាងសង់រមណីយដ្ឋានសប្បនិមិត្តនេះ គឺវាកៀកគ្នាទៅនឹងតំបន់ការពារ ហើយអាចប៉ះពាល់ជាក់ស្តែងដល់គុណតម្លៃជាសកល របស់ប្រាសាទអង្គរវត្ត ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូកាលពីខែឆ្នូ ឆ្នាំ១៩៩២រួចទៅហើយនោះ។

ក្នុងឆ្នាំ១៩៨៩​ គឺសម្ដេចព្រះនរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋ​ ដែលមានព្រះរាជតម្រិះ​ ស្នេីសុំឱ្យយូណេស្កូដាក់តំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

យោងតាមព្រះរាជក្រឹត្យស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ ដែលឡាយព្រះហស្ថលេខាដោយព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងមាត្រា ១ បានឲ្យដឹងថា សម្រេចឲ្យត្រួតពិនិត្យការអភិវឌ្ឍន៍តំបន់អង្គរ ដោយគោរពតាមប្លង់កំណត់តំបន់មួយ។ មាត្រា ២  បញ្ជាក់ថា រម្មណីយដ្ឋានវប្បធម៌ក្នុងប្លង់នេះត្រូវចាត់ជាប្រាំប្រភេទ។ ប្រភេទនីមួយៗ ត្រូវទទួលកំរិតការពារខុសៗគ្នា ដោយតំបន់១ រមណីយដ្ឋានមានប្រាសាទ តំបន់២ ឧទ្យានបុរាណវត្ថុ ត្រូវការពារ តំបន់៣ ទេសភាពវប្បធម៌ ត្រូវការពារ តំបន់៤ ចំណុចមានសារៈសំខាន់ ផ្នែកបុរាណវត្ថុវិទ្យា នរវិទ្យា ឬប្រវិត្តិវិទ្យា និងតំបន់៥ បរិវេណអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាបអង្គរ៕