កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​ផ្តោតសំខាន់​លើ​ការ​ស្តារ​សេដ្ឋកិច្ចឡើងវិញ​ក្រោយ​កូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បានផ្តោតសំខាន់​លើគេគឺការស្តារសេដ្ឋកិច្ចឡើងវិញ​ក្រោយ វិបត្តិ​កូវីដ​១៩ ដោយជំរុញអោយមានការបើកឱ្យមានចរាចរផ្ទៃក្នុងឡើងវិញ។ នេះ​បើតា​ម​ការបញ្ជាក់របស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហ​ប្រតិ​បត្តិ​​កា​រ​អន្តរ​ជាតិ ​នៅក្នុងសន្និសីទព័ត៌មា​ន​ក្រោយ​បញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការ​បរទេស​អាស៊ាន បានធ្វើ​ឡើង​ដោយផ្ទាល់និងតាម​ប្រព័ន្ធ​អនឡាញ នៅរាជធានីភ្នំពេញ នាថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំក៏មានលើកឡើង​ពីការពង្រឹង​សមត្ថភាពស្ថាប័​ន​អា​ស៊ាន ការធ្វើ​ទំនាក់​​​ទំនងជាមួយដៃគូខាងក្រៅ​ និងការប្រកួតប្រជែងភូមិសាស្ត្រ​នយោបា​យ​ជាដើម។ ដោយឡែកសម្រាប់បញ្ហានៅមី​យ៉ាន់​ម៉ា កិច្ចប្រជុំក៏បានពិភាក្សាច្រើនពី​ដោយបានបង្ហាញពី​បំណងជួយដោះស្រាយបញ្ហាប្រទេសមី​យ៉ាន់​ម៉ា​ក្នុងនាមគ្រួសារអាស៊ាន។ ហើយ​រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន​ ក៏បានបង្ហាញគាំទ្រឯកឧត្តម ដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា ​ជា​ប្រេសិត របស់ ប្រធាន​អាស៊ាន នឹងធ្វើដំណើរទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ានៅដើមខែមីនា ឆ្នាំ២០​២២ ខាងមុខនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមរយៈ​កិច្ច​ប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចប្រជុំនេះ មានការចូលរួមដោយផ្ទាល់ ពីរដ្ឋមន្ត្រីការបរទេស កម្ពុជា សិង្ហបុរី ឥ​ណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និង ហ្វីលីពីន។ ដោយឡែករដ្ឋមន្ត្រីការប​រទេស វៀតណាម ថៃ ភូមា និង ប្រ៊ុយណេ​ចូលរួមកិច្ចប្រជុំតាមប្រពន្ធវីដេអូ៕