រដ្ឋមន្រ្តីក្រសួងបរិស្ថាន សាយ សំអាល់ លើកទឹកចិត្តយុវជនត្រូវចេះទាញយកបច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ហើយជឿជាក់លើខ្លួនឯង

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី១៨ កុម្ភៈម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា យុវជនកម្ពុជាត្រូវចេះទាញយកបច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ ខ្លួនឯងនិងប្រទេសជាតិខ្លួនឯង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថ្លែងថា អ្វីដែលរៀននៅសាលាគឺមិនសំដៅតម្រូវនរណាម្នាក់ទេ គឺសំដៅតម្រូវទាំងអស់គ្នា ហើយយើងត្រូវចេះយល់ច្បាស់អ្វីដែលគេបានបង្រៀននៅក្នុងមេរៀនទាំងអស់នោះ ក្នុងការដោះស្រាយបញ្ហាដោយប្រើប្រាស់មូលដ្ឋានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាគោល ដែលយើងអាចធ្វើបានដោយខ្លួនឯង។ លោកថា យុវជនត្រូវមានការជឿជាក់លើខ្លួនឯង ហើយមានជំហរមួយជឿថាខ្មែរធ្វើបាន។

លោកមរដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ចាក់ថា ក្នុងសម័យតេជោសន្តិភាព កម្ពុជាមានឱកាសនិងលទ្ធភាពដូចបណ្តាប្រទេសដទៃទៀតដែរ ក្នុងការក្រសោបទាញប្រយោជន៍ពីការរីកចំរើននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មរបស់ឧស្សាហកម្ម ៤.០។ ក្នុងនោះដែរ កម្ពុជាមានឱកាសស្មើគ្នាជាមួយប្រទេសនានា ក្នុងការឈានទៅរកឧស្សាហកម្ម ៤.០ ស្របតាមចក្ខុវិស័យនៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាចូលក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ លោក សាយ សំអាល់ ក៏បានលើកទឹកចិត្តឲ្យយុវជនកម្ពុជា ជាពិសេសយុវសិស្សនៅតាមគ្រឹះស្ថានសិក្សាត្រូវមាន ប្រឹងប្រែងសិក្សានិងចាប់យកឱកាសនៃការរិវឌ្ឍនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ឧត្តមប្រយោជន៍របស់សង្គមកម្ពុជា ឆ្ពោះទៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីប្រទេសឧស្សាហកម្មបែបប្រពៃណីទៅរកឧស្សាហកម្មទំនើប៕