គេហទំព័រទីផ្សារអនឡាញខ្នាតយក្សរបស់ចិនពីរ កំពុងស្ថិតក្នុងបញ្ជីហាមឃាត់ របស់សហរដ្ឋអាមេរិក

អន្តរជាតិ

គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ដែលជារបស់ក្រុមហ៊ុន Tencent Holdings Ltd និង Alibaba Group Holding Ltd របស់ចិន ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់បញ្ចូលទៅក្នុងបញ្ជីហាមឃាត់ របស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង បញ្ជីនេះត្រូវបានកំណត់ឈ្មោះទីផ្សារអនឡាញចំនួន ៤២ និងទីផ្សារផ្ទាល់ខ្លួន ចំនួន ៣៥ ផ្សេងទៀត ដែលត្រូវបានរាយការណ៍ថា មានការចូលរួម និងជួយសម្រួលដល់ការក្លែងបន្លំម៉ាកយីហោ ឬការលួចចម្លងកម្មសិទ្ធិបញ្ញាជាច្រើន ។

យ៉ាងណាមិញ ដោយយោងតាមការរិយាល័យ USTR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” នេះជាការកំណត់អត្តសញ្ញាណជាលើកដំបូង ចំពោះការរួមបញ្ចូល ដោយគេហទំព័រ AliExpress និងប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិក WeChat ដែលជាទីផ្សារអនឡាញនៅក្នុងប្រទេសចិន ដែលត្រូវបានរាយការណ៍ថាបានចូលរួម ជួយសម្រួលដល់ការក្លែងបន្លំម៉ាកសញ្ញា ជាច្រើន “​។

លើសពីនេះ ទីផ្សារអនឡាញ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ដូចជា Baidu Wangpan , DHGate , Ppinduoduo និង Taobao ក៏ស្ថិតជាផ្នែកមួយនៃបញ្ជីហាមឃាត់របស់សហរដ្ឋអាមេរិក រួមទាំងទីផ្សារផ្ទាល់ខ្លួន ចំនួន ៩ ផ្សេងទៀត ដែលមានទីតាំងនៅក្នុងប្រទេសចិន ។

តែទោះជាយ៉ាងណាក៏ដោយជុំវិញបញ្ហានេះ ក្រុមហ៊ុន Alibaba បាននិយាយថា ខ្លួននឹងបន្តធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាល ដើម្បីដោះស្រាយចំពោះក្តីព្រួយបារម្ភ ទៅលើការការពារសិទ្ធិបញ្ញា នៅទូទាំងគេហទំព័ររបស់ខ្លួន ។

ដោយឡែក ក្រុមហ៊ុន Tencent វិញ បាននិយាយថា ខ្លួនមិនបានយល់ស្របជាមួយនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះទេ ហើយពួកគេបានបេ្តជ្ញា ធ្វើការសហការគ្នា ដើម្បីឈានទៅរកការដោះស្រាយជុំវិញបញ្ហានេះ ។ បន្ថែមពីនេះ ក្រុមហ៊ុនខ្នាតយក្សរបស់ចិន បាននិយាយទៀតថា ខ្លួនបានត្រួតពិនិត្យយ៉ាងសកម្ម រួមទាំងធ្វើការរារាំង និងធ្វើសកម្មភាពទៅលើការរំលោភបំពាន លើគេហទំព័ររបស់ខ្លួន ហើយរួមទាំងបានធ្វើការវិនិយោគយ៉ាងច្រើន ទៅលើការការពារសិទ្ធិបញ្ញានេះទៀតផង ៕

ប្រភព: CNA