សម្តេច ស ខេង សម្រេចផ្ទេរភារកិច្ចនិងតែងតាំងនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតថ្មី

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ត្រូវបានប្រគល់ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមវត្តមាននាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ និង ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគល់ និងផ្ទេរភារកិច្ចនេះ ធ្វើឡើងបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចផ្ទេរ និងតែងតាំង លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ពីអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវចូលនិវត្តន៍។

បច្ចុប្បន្ន ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលតភ្ជាប់ជាមួយច្រកព្រំដែនម៉ុកបៃ ក្នុងខេត្តតៃនិញប្រទេសវៀតណាម ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ក្នុងការបម្រើដល់វិស័យដឹក​ជញ្ជូនទំនិញ និងភ្ញៀវទេសចរ។

ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ ក៏ជា​ការតភ្ជាប់រវាងរាជធានីភ្នំពេញរបស់កម្ពុជា ជាមួយទីក្រុងហូជីមិញរបស់វៀតណាម ហើយឆ្ពោះទៅដល់កំពង់ផែ ខាត់ឡៃ (Cat Lai) ជា​កំពង់ផែធំជាងគេរបស់វៀតណាម។ ទំនិញនាំចេញ-ចូលមួយចំនួនពីកម្ពុជា​ ជាពិសេសជាមួយប្រទេសចិនក៏មានចរាចរណ៍ឆ្លងកាត់តាមកំពង់ផងផែនេះផងដែរ៕