សម្តេច ស ខេង កត់សម្គាល់ឃើញបញ្ហាប្រឈមក្នុងការផ្ទេរមុខងារ និងធនធាន ដែលបង្កភាពលំបាកក្នុងការស្រុះស្រួលឯកភាព

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ រកឃើញបញ្ហាប្រឈមក្នុងការងារកំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការ ដែលបង្កភាពលំបាកក្នុងការស្វះស្វែងរកការស្រុះស្រួលឯកភាពគ្នាក្នុងដំណើរការផ្ទេរមុខងារ និងធនធាន។ នេះបើតាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី២២ កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា សមត្ថភាពយល់ដឹងរបស់មន្រ្តីអំពីប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ ទាំងកម្រិតមន្រ្តីតាក់តែងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា និងមន្រ្តីអនុវត្ត នៅមានការប្រឈម និងខ្វះខាត ក្នុងនោះរួមមាន៖ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់មន្រ្តីទាំងរដ្ឋបាលស៊ីវិល និងនគរបាលជាតិ ការលើកកម្ពស់មនសិការវិជ្ជាជីវៈ ការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងតាមអង្គភាព និងការលើកកម្ពស់តម្លាភាព គណនេយ្យភាពលើការគ្រប់គ្រង ដឹកនាំអង្គភាព និងការចាត់ចែងការងារនានាផ្អែកតាមតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗ។

ទន្ទឹមនឹងរាល់បញ្ហាប្រឈមនេះ សម្ដេចក្រឡាហោម ស្នើឲ្យទាមទារពង្រឹងការប្ដេជ្ញាចិត្តរួមគ្នាពុះពារជម្នះដោះស្រាយសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារនានា ក្នុងក្របខណ្ឌទទួលនាទី និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

យ៉ាងណា សម្ដេចក៏បានគូសបញ្ជាក់នៅមានបញ្ហាប្រឈមដែលទាមទារការដោះស្រាយ ដូចជាអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពផលិត ចរាចរណ៍ ជួញដូរគ្រឿងញៀនខុសច្បាប់ សកម្មភាពជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា ការប្រែប្រួលធាតុអាកាស ដែលសុទ្ធតែជាបញ្ហាប្រឈមទាមទារការខិតខំពង្រឹងខ្លួនដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕