តើនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនឹងជួបឥស្សរជនរូបណាខ្លះក្នុងដំណើរទស្សនផ្លូវការពីរថ្ងៃនៅកម្ពុជា?

សង្គម​និង​សេដ្ឋកិច្ច

លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការចំនួន ២ថ្ងៃនៅកម្ពុជា នារសៀលនេះ ពោលគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនៅពេលនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈសេចក្តីប្រកាសព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ច លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ហើយបន្ទាប់មកលោកក៏នឹងមានជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ជាមួយគ្នានេះ លោក ស្រ៊ី អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងមានជំនួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្តោតលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិ និងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ។ នេះបើតាមក្រសួងការបរទេសកម្ពុជា៕