ក្រសួងមហាផ្ទៃថា គោលនយោបាយនេះបានបង្កលក្ខណៈដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិលើគ្រប់វិស័យ

សង្គម​និង​សេដ្ឋកិច្ច

១០ឆ្នាំកន្លងទៅ ក្រសួងមហាផ្ទៃ បានជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព យ៉ាងសស្រាក់សស្រាំ ធ្វើឱ្យសភាពការណ៍សន្ដិសុខនៅតាមសហគមន៍កាន់តែមានភាពកក់ក្ដៅ និងបង្កលក្ខណៈសម្បត្តិល្អប្រសើរ ដោយការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមជាតិលើគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ មានប្រសាសន៍ថា «រយៈពេល១០ កន្លងទៅ ក្រសួងមហាផ្ទៃ បានជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យមានសកម្មភាពយ៉ាងសស្រាក់សស្រាំ ដែលធ្វើឱ្យសភាពការណ៍សន្ដិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ កាន់តែកក់ក្ដៅ ហើយប្រជាពលរដ្ឋទូទៅរស់នៅដោយភាពសុខដុមរមនា និងមានភាពជឿជាក់ ព្រមទាំងបង្កលក្ខណៈសម្បត្តិល្អប្រសើរ ដោយការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមជាតិលើគ្រប់វិស័យ»។

លោកគូសបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍អស់រយៈពេល១០ឆ្នាំ របស់ក្រសួងមហាផ្ទៃ បានចាត់តាំងអនុវត្តប្រកបដោយជោគជ័យ និងបានធ្វើការកែលម្អផែនការណែនាំ ស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ជាបន្ដបន្ទាប់ ធ្វើឱ្យស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គម។ លើសពីនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយ ទុក្ខកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយភាពវិជ្ជមាន។

បើតាមលោក តេង សាវង្ស ក្រសួងមហាផ្ទៃ ជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គោលនយោបាយនេះ ឱ្យក្លាយជាគោលនយោបាយជាតិ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ឯកភាព និងសម្រេចដាក់ចេញជាគោលនយោបាយជាតិ ស្ដីពី ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ចំនួន៧ចំណុច ដូចជាការផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសង់ខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព, ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

តែយ៉ាងណា ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាប បទលើ្មសព្រហ្មទណ្ឌជារួមកើតឡើង ៣.០៥៥ /៣.២៥៤លើក ថយ១៩៩លើក ស្មើ៦% បទឧក្រិដ្ឋ ៥៨៩/៦៨២លើក ថយចុះ៩៣លើក ស្មើ១៤% និងបទមជ្ឈឹម ២.៤៦៦/២.៥៧២លើក ថយ១០៦លើក ស្មើ៤% បណ្តាលឱ្យមានមនុស្សស្លាប់ ២១៣នាក់ របួស៩៨០នាក់ និងរងគ្រោះ ១.៥៨២នាក់។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានកត់សម្គាល់ផងដែរនូវបទល្មើសដែលមានការថយចុះ រួមមាន៖ លួចមានស្ថានទម្ងន់ ឃាតកម្ម រំលោភសេពសន្ថវៈ បង្ខាំងមនុស្សជំរិតទាប្រាក់ បង្ខាំងមនុស្សខុសច្បាប់ ជះទឹកអាស៊ីត បោក និងបង្កៃគ្រាប់បែក លួច ឆក់ ឆបោក រំលោភទំនុកចិត្ត បំពានខាងផ្លូវភេទដទៃទៀត ប្រើអាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈជាដើម៕