អង្ករ​ព្រះវិហារ បាន​ចុះ​បញ្ជី​ម៉ាក​សមូហភាព ទុក​ជា​ទ្រព្យ​កម្មសិទ្ធបញ្ញា

សង្គម​និង​សេដ្ឋកិច្ច

“អង្ករព្រះវិហារ” ជាម៉ាកសមូហភាពមួយទៀត ដែលក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទុកជាទ្រព្យកម្មសិទ្ធិបញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរខេត្តព្រះវិហារ និងអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យគ្មានព្រំដែន (AVSF) និងកម្មវិធី ASPIRE ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ដើម្បីដាក់សម្ពោធ​ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសមូហភាព “អង្ករព្រះវិហារ” ដែលជាទ្រព្យកម្មសិទ្ធិបញ្ញារួម សម្រាប់បម្រើផលប្រយោជន៍របស់សមាជិកសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការចុះបញ្ជីម៉ាកសមូហភាពនេះ គឺជាការធានាផ្លូវច្បាប់ដើម្បីឱ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផល បង្កើនកេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ “អង្ករព្រះវិហារ”។

ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) និងដៃគូអភិវឌ្ឍន៍ បានបន្តការគាំទ្រទាំងហិរញ្ញវត្ថុ និងឧបករណ៍កែច្នៃ ដូចជា៖ ម៉ាស៊ីនកិនស្រូវខ្នាតតូច ម៉ាស៊ីនចាប់គ្រួស ឬថ្ម ម៉ាស៊ីនញ៉ែកគ្រាប់អង្ករ និងឧបករណ៍ផ្សេងៗទៀត ព្រមទាំងបានជួយពង្រឹងសមត្ថភាពការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ និងបច្ចេកទេសកែច្នៃដល់សហគមន៍កសិកម្មចំនួន ១៣ ក្នុងស្រុកចំនួន ៦ ក្នុងខេត្តព្រះវិហារ រួមមាន៖ ស្រុកឆែប ស្រុកជ័យសែន ស្រុកជាំក្សាន្ត ស្រុកគូលេន ស្រុកត្បែងមានជ័យ និងស្រុករវៀង លើពីនេះក៏បានជួយរៀបចំកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” និងការស្វែងរកទីផ្សារ “អង្ករព្រះវិហារ” ផងដែរ។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​បន្ថែម​ថា គោលបំណងនៃការចុះបញ្ជីម៉ាកសមូហភាព “អង្ករព្រះវិហារ” គឺទី​មួយ​ដើម្បី​ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាម្ចាស់ម៉ាកសមូហភាព ក្រោមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសមូហភាព “អង្ករព្រះវិហារ” នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ​ទី​២ អភិរក្សចំណេះដឹង-ចំណេះធ្វើតាមបែបប្រពៃណីរបស់ប្រជាកសិករក្នុងខេត្តព្រះវិហារ តាមរយៈការរៀបចំចងក្រងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អង្ករព្រះវិហារ”។ ទី ៣ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដាំដុះ និងទាក់ទាញភ្ញៀវទេសចរ ទី៤ ដើម្បី​លើកកម្ពស់គុណភាព និងស្តង់ដារអនាម័យនៃម៉ាកសមូហភាព “អង្ករព្រះវិហារ” និង​ទី​៥ ដើម្បី​បង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។

ម៉ាកសមូហភាព “អង្ករព្រះវិហារ” មិនត្រឹមតែជាអត្តសញ្ញាណផលិតផលរបស់សហភាពសហគមន៍ក្នុងខេត្តព្រះវិហារតែមួយប៉ុណ្ណោះទេ ប៉ុន្តែម៉ាកសមូហភាពនេះ នឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ។ ការថែរក្សា និងធានាបាននូវកេរ្តិ៍ឈ្មោះ “អង្ករព្រះវិហារ” និងការទាញអត្ថប្រយោជន៍ពីការចុះបញ្ជីម៉ាកសមូហភាពនេះ គឺពិតណាស់អាស្រ័យលើការទទួលខុសត្រូរបស់សមាជិកម្នាក់ៗនៅក្នុងសហគមន៍ ដែលចាំបាច់ត្រូវមានសាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និងអភិបាលកិច្ចគ្រប់គ្រងល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ទើបម៉ាកសមូហភាព “អង្ករព្រះវិហារ” ផ្តល់នូវគុណតម្លៃពិតប្រាកដ ព្រមទាំងធានានូវនិរន្តភាពសម្រាប់អ្នកជំនាន់ក្រោយ។

ក្រៅពី​ការចុះបញ្ជីម៉ាកសមូហភាព “អង្ករព្រះវិហារ” នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា កន្លងទៅ​នេះ​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ចុះ​បញ្ជី​ផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” សម្រាប់បម្រើផលប្រយោជន៍ដល់​សហគមន៍ និង​ដើម្បី​ធានាផ្លូវច្បាប់​លើការ​ប្រកួតប្រជែងដោយស្មោះត្រង់ និងទប់ស្កាត់ការក្លែងបន្លំផលិតផលលើ​ទីផ្សារ៕