ក្រុមហ៊ុន​អាកាស​ចរ​ណ៍ Thai Smile នឹងបើកដំ​ណើរ​​ការ​ហោះ​​ហើរ​​​​​បាង​កក-សៀម​រាប ឡើង​​វិញ ចាប់​ពីថ្ងៃទី៣ ​មីនា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ នឹងចាប់ផ្តើម​ហោះហើរ​ឡើងវិញ​ពីទីក្រុង​បាង​កក មកកាន់​ខេត្​ត​សៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី៣ ខែ​មីនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ បើតាមក្រសួងទេសចរណ៍កម្ពុជា ថាការដំណើរការហោះហើរ​ឡើងវិញ គឺក្រុមហ៊ុនអាកាស​ចរណ៍​អន្តរជាតិ​​របស់ប្រទេស​ថៃមួយនេះ​នឹងបើកការហោះហើរ​ត្រង់២ជើងក្នុងមួយសប្តាហ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមគ្នាជាមួយនឹងការបើកជើងហោះហើរឡើង​​វិញនេះ នៅកិច្ចប្រជុំលើកទី២ របស់ក្រុមការងារប្រតិបត្តិដើម្បីវាយតម្លៃ និងគ្រប់គ្រង​គោលដៅ​ទេស​ចរណ៍​សុវត្ថិភាពខេត្តសៀមរាប របស់អន្តរក្រសួង កាលពីសប្តាហ៍កន្លងទៅ ឯក​ឧត្ដម ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ពង្រឹង​លើមូលដ្ឋាន​អាជីវ​កម្ម​ទេស​ចរណ៍ក្នុងខេត្ត ឱ្យបានទទួលឡាបិល បញ្ជាក់ការអនុវត្តបានត្រឹមត្រូវតាម SOP របស់​ក្រសួងទេសចរណ៍ និងជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន។

ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា ការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ត្រូវផ្អែកលើសូច​នា​ករ​សមិទ្ធកម្មចំនួន៤ ដែលរួមមាន៖ ទី១៖ អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ ទី២៖ អត្រា​​អ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងកម្រិតធ្ងន់ និងអត្រាស្លាប់នៃអ្នកជំងឺកូវីដ-១៩ ទី៣៖ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់​គ្រងហានិភ័យ ដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងទី៤៖ ការត្រៀមខ្លួនរបស់ឧស្សាហ​កម្មទេសចរណ៍។

គួរបញ្ជាក់ថា ការបើកជើងហោះហើរទៅមក បាង​កក-សៀម​រាបឡើង​​វិញ នេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករ​ទេស​ចរណ៍​ និង​សាធារ​ណ​ជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិមកកាន់​គោ​លដៅ​ទេសចរណ៍ខេត្តសៀមរាប ដែលជាគោលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់​បំផុតមួយរបស់កម្ពុជា។

ជាមួយគ្នានេះ នៅកិច្ចប្រជុំលើកទី២ របស់ក្រុមការងារប្រតិបត្តិដើម្បីវាយតម្លៃ និងគ្រប់គ្រង​គោលដៅ​ទេសចរណ៍​សុវត្ថិភាពខេត្តសៀមរាប របស់អន្តរក្រសួង ក៏បានវាយតំលៃ និងទទួល​ស្គាល់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានកោត​សរសើរ​ចំពោះរដ្ឋបាល​ខេត្តសៀមរាប ដែលបានចូលរួមអនុវត្តវិធានការនានារបស់​រាជរដ្ឋាភិបាលក្នុងការ​ទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាបនាពេលកន្លងមក ប្រកបដោយប្រ​សិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការបើកដំណើរការសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនានា ក្នុងគន្លងប្រក្រតីភាពថ្មី៕