រដ្ឋាភិបាលស្នើឲ្យផ្តល់ព័ត៌មានពិតប្រាកដត្រឹមត្រូវដល់មន្រ្តីធ្វើជំរឿនសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

ចាប់ពីថ្ងៃទី១ មីនា ដល់ថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា​នឹង​រៀបចំធ្វើ​ជំរឿន​សេដ្ឋកិច្ច​លើកទី២ ដែលនឹងប្រមូលមកពីគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទៀត សម្រាប់​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម​ឱ្យរីកចម្រើន។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ច ជាការងារដ៏ធំ និងមានសារៈសំខាន់ ដែលមិនខ្វះបាន សម្រាប់ប្រទេសជាតិ ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យចម្បង ដែលមានការកើនឡើងជាលំដាប់របស់ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូល ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជន។

បើតាមប្រមុខរដ្ឋាភិបាល ការធ្វើជំរឿននេះ វាក៏ជាសូចនាករសំខាន់សម្រាប់ត្រួតពិនិត្យ តាមដានការសម្រេចនូវការអនុវត្តកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាល, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការរៀបចំគោលនយោបាយផ្សេងៗ រួមទាំងការឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលបណ្ដាលមកពីការរីករាលនៃជំងឺកូវីដ-១៩ ទៅលើអង្គភាពសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ។

បន្ថែមទៀតនោះ ការធ្វើជំរឿននេះ គឺជាកត្តាចំបាច់បំផុតសម្រាប់ប្រទេសជាតិ ដើម្បីរៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននិងជឿនលឿន។ លើសពីនេះ ក៏ដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ទៅលើអង្គភាពសេដ្ឋកិច្ច ដែលជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុងមួយឆ្នាំ រយៈពេល១០ឆ្នាំកន្លងមកនេះ។

 រដ្ឋាភិបាលបានបញ្ជាក់ថា ការធ្វើជំរឿននៅកម្ពុជា គឺផ្អែកតាមច្បាប់ស្តីពីស្ថិតិ ដែលកំណត់ឱ្យធ្វើជំរឿនសេដ្ឋកិច្ច ក្នុងរយៈពេល១០ឆ្នាំម្តង និងការធ្វើអង្កេតចន្លោះនៃជំរឿនសេដ្ឋកិច្ចរយៈពេល៥ឆ្នាំម្តង។

ដើម្បីទទួលបានទិន្នន័យលម្អិត និងច្បាស់លាស់នោះ ប្រមុខរដ្ឋាភិបាល បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាជីកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ ផ្ដល់ព័ត៌មានតាមសំនួររបស់មន្ត្រីជំរឿនសេដ្ឋកិច្ច ឱ្យបានពិតប្រាកដត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ជាប្រយោជន៍ដល់រដ្ឋាភិបាល រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន។

គួររម្លឹកថា រដ្ឋាភិបាលធ្លាប់ធ្វើជំរឿនសេដ្ឋកិច្ចលើកទី១ នៅឆ្នាំ២០១១ ហើយប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច៕