២ខែដើម​ឆ្នាំ២០២២ ការ​នាំ​ចេញ​​​អង្កររបស់​កម្ពុជា​ កើនជាង​២ម៉ឺន​តោន

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេល២ខែដើម ឆ្នាំ២០២២នេះ ការនាំចេញអង្កររបស់កម្ពុជាមានចំនួនជាង១០​ម៉ឺន​តោន កើនឡើងចំនួនជាង ២ម៉ឺន៦ពាន់តោន ស្មើ៣៥,២១ភាករយ បើធៀបនឹង​បរិមាណនាំ​ចេញ​​ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែមិនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វេង សាខុន បានបញ្ជាក់ទៀតថា បរិមាណអង្ករបាន​នាំចេញទៅកាន់ទិសដៅ​សហ​ភាពអឺរ៉ុបចំនួន ២​០​ប្រ​ទេ​ស ​មានបរិមាណសរុបចំនួន ២៦ ៥០៧តោន កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤ភាគរយ ទិសដៅប្រទេស​ចិន​មានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤ភាគរយ ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,​៤៣​ភាគរយ និងទិសដៅដទៃទៀតចំនួន​១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង -១៩,២៣ភាគរយ។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន​ហើយ​បរិមាណអង្ករដែល​បាននាំចេញ​ដោយក្រុមហ៊ុនធំៗ​ចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន ស្មើ៧៥,០២ភាគរយ​និងក្រុម​ហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន ស្មើ២៤,៩៨ភាគរយ។

សម្រាប់ការនាំចេញស្រូវ លោករដ្ឋមន្ត្រី បានបង្ហាញថា បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម ក្នុងនោះមានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន ដែលមានការកើនឡើងចំនួន ៩២ ០៦៨ តោន ស្មើនឹង១៦,៤៧ភាគរយ បើធៀប​​នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។

ដោយឡែក បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើង​ចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ​២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅ​ក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅ ៥២ ប្រទេស គឺមានការ​កើនឡើង​ចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន៕