ឯកអគ្គរដ្ឋទូតចិន៖ ប្រទេសចិនគឺជាដៃគូយុទ្ធសាស្ត្រគួរឱ្យទុកចិត្តបំផុតសម្រាប់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក វ៉ាង វីនធឿន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូយុទ្ធសាស្ត្រគួរឱ្យទុកចិត្តបំផុតសម្រាប់កម្ពុជា។ លោកបន្តថា ភាគីចិនគាំទ្រយ៉ាងពេញទំហឹងចំពោះការបំពេញតួនាទីជាប្រធានប្តូរវេនអាស៊ាន និងគាំទ្រកម្ពុជាក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ ហើយភាគីចិនរំពឹងទុកនិងជឿជាក់ថាកម្ពុជាប្រាកដជារួមចំណែកកាន់តែច្រើនសម្រាប់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងពង្រីកផ្លូវជាតិលេខ៣ នៅថ្ងៃទី២ ខែមីនា លោក វ៉ាង វីនធឿន លើកឡើងបែបនេះចង់សំដៅលើភាគីចិនដែលតែងតែគាំទ្រកម្ពុជាស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន រួមទាំងផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា។

ជាក់ស្ដែង ផ្លូវជាតិលេខ៣ដែលឆ្លងកាត់ខេត្ត-ក្រុងចំនួន៥ រួមមានរាជធានីភ្នំពេញនិងខេត្តកណ្ដាលជាដើម គឺជាសរសៃឈាមនៃចរាចរណ៍ដ៏សំខាន់ក្នុងការតភ្ជាប់ពីរាជធានីភ្នំពេញនិងខេត្តកំពត។ ផ្លូវមួយនេះមិនត្រឹមតែមានអត្ថន័យជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅសម្រាប់ការសម្របសម្រួលនិងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាប់សមុទ្រប៉ែកនិរតីនៃកម្ពុជាក៏ដូចជារាជធានីភ្នំពេញប៉ុណ្ណោះទេ ហើយក៏មានសារសំខាន់ជាពិសេសសម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តផែនការកែលម្អនូវបណ្តាញគមនាគមន៍ផ្លូវថ្នល់សំខាន់។

បើតាមលោក វ៉ាង វីនធឿន ការបញ្ចប់និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងពង្រីកផ្លូវជាតិលេខ៣នេះ បានបង្ហាញជាថ្មីម្តងទៀតនូវសន្ទុះដ៏ខ្លាំងក្លានិងសមិទ្ធផលជាច្រើនអនេកនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា។ លោកបន្ថែមថា នាពេលអនាគត ភាគីចិននឹងបន្តផ្តល់ជំនួយដល់កម្ពុជាក្នុងការកែលម្អបណ្តាញផ្លូវជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយផ្លូវជាតិលេខ៣១ លេខ៣៣ និងលេខ៤១ជាដើមដែលគាំទ្រដោយឥណទានសម្បទានរបស់រដ្ឋាភិបាលចិនក៏រំពឹងទុកថានឹងចាប់ផ្តើមនាឆ្នាំនេះផងដែរ។

គួរបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៣ ភ្នំពេញ-កំពតនេះមានប្រវែងសរុប១៣៤.៨២៦គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិន ទំហំវិនិយោគប្រមាណ២១៥លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនចិនCRBC។ ហើយគម្រោងនេះបានចាប់ផ្តើមសាងសង់កាលពីខែតុលាឆ្នាំ២០១៨ និងបានបញ្ចប់នៅខែកក្កដាឆ្នាំ២០២១ ដែលបានបញ្ចប់មុនកិច្ចសន្យាចំនួនប្រហែល១៥ខែ៕