រាជធានី​ភ្នំពេញ​​ពង្រីកខ្លួន​ពី ៣០០ គីឡូម៉ែត្រ​ការ៉េ រីក​ទំហំ​​ដល់​ជិត ៧០០ គីឡូម៉ែត្រ​ការ៉េ

សង្គម​និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ​គឺ​​ជា​មជ្ឍមណ្ឌល​សេដ្ឋកិច្ច​និង​ការ​ធ្វើ​ពាណិជ្ជកម្ម។ រាជធានីដែលមាន​អាយុកាល​ជាង ៦០០ ឆ្នាំ​នេះ​បាន​​ពង្រីក​ខ្លួន​ជា​បន្ត​បន្ទាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ននេះ ភូមិសាស្ត្រដែនដីរបស់​រាជធានី​ភ្នំពេញ​បានពង្រីកព្រំប្រទល់រដ្ឋបាលពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា ដោយ​មាន​ភូមិសាស្ត្រហុំព័ទ្ធដោយខេត្តកណ្ដាល។

ស្ថានភាពគ្រប់គ្រងរដ្ឋបាលដែនដីរបស់រាជធានីភ្នំពេញ គឺចែកចេញជា ១៤ ខណ្ឌ ស្មើនឹង ១០៥ សង្កាត់ មានប្រជាជនរស់នៅអចិន្ត្រៃយ៍ចំនួន ២,២៨ លាននាក់ និងមានប្រជាជនស្នាក់នៅបម្រើការងារប្រមាណជិត ១លាននាក់ផ្សេងទៀត ក្នុងអត្រាកំណើន ៣,១៥% ក្នុងមួយឆ្នាំ។

បើយោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥ ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឆ្នាំ២០៣៥ ខាងមុខ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថាអាចនឹងឡើងដល់ ៦លាននាក់។

ការ​ពង្រីកដល់ទៅ ១០០គីឡូម៉ែត្រ ក្នុងឆ្នាំ ២០៣៥ នោះដែល​នឹង​ធ្វើ​ឲ្យ​ផ្នែកខ្លះនៃខេត្តមួយចំនួនដូចជា ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តតាកែវ ជាដើម នឹងប្រែក្លាយទៅជាភូមិសាស្ត្ររាជធានីភ្នំពេញតែមួយ។  

ការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលជាងមួយទសវត្សរ៍ខាងមុខទៀត ក៏​នឹង​​រួមចំណែកយ៉ាងសកម្មធ្វើឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់អចលនវត្ថុនៅតំបន់ទាំងនោះ ទទួលបានផលជាវិជ្ជមាន ជាពិសេសគឺដី​ធ្លី​ឡើងថ្លៃដោយស្វ័យប្រវត្តិ។

បើ​តាមអ្នក​វិភាគ​សេដ្ឋកិច្ច ភ្នំពេញដាច់ខាតត្រូវតែពង្រីកខ្លួនក្នុងចក្ខុវិស័យដ៏វែងឆ្ងាយនេះជាចាំបាច់ ដោយសារ​កំណើនប្រជាជនក្នុងទីក្រុង កត្តាសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញសព្វថ្ងៃ៕